ទីបំផុត! SoftBank បញ្ចប់ការវិនិយោគយក្ស ៤១ពាន់លានដុល្លារក្នុង OpenAI ដើម្បីពង្រឹង AI

31-12-2025 11:58

(បរទេស)៖ ក្រុមហ៊ុនវិនិយោគជប៉ុន SoftBank បានប្រកាសបញ្ចប់ជាស្ថាពរនូវការបោះទុនជាប្រវត្តិសាស្ត្រចំនួន ៤១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT។ ការវិនិយោគដ៏មហិមានេះ បានធ្វើឱ្យ SoftBank ក្លាយជាម្ចាស់ភាគហ៊ុនប្រមាណ ១១% ស្របពេលដែលតម្លៃទីផ្សាររបស់ OpenAI បានហក់ឡើងដល់ប្រហែល ៥០០ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

មហាសេដ្ឋី Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank បានបង្ហាញជំហរយ៉ាងច្បាស់លាស់ ដោយលោកសម្រេចចិត្តបោះទុន «អស់ពីកម្លាំងកាយចិត្ត» ទៅលើ OpenAI។ លោកកំពុងពង្រីកការវិនិយោគយ៉ាងខ្លាំងក្លាទាំងលើផ្នែកបញ្ញាសិប្បនិម្មិត និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដោយសង្ឃឹមថានឹងទាញយកផលចំណេញពីតម្រូវការ «សមត្ថភាពកុំព្យូទ័រដែលជាឆ្អឹងខ្នងនៃកម្មវិធី AI» ដែលកំពុងផ្ទុះឡើងទូទាំងពិភពលោក។

ក្រៅពីការដាក់ទុនផ្ទាល់ SoftBank ក៏ជាអ្នកសម្របសម្រួលការវិនិយោគរួមគ្នាពីដៃគូផ្សេងៗ ដើម្បីជ្រោមជ្រែងមហិច្ឆតារបស់ OpenAI ផងដែរ។ ក្នុងនោះរួមមានគម្រោង «Stargate» ដែលជាការកសាងមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សសម្រាប់គាំទ្រដល់ម៉ូដែល AI ជំនាន់ក្រោយ។ សកម្មភាពនេះបានសបញ្ជាក់ថា OpenAI បានក្លាយជា «សសរស្តម្ភកណ្តាលនៃការចំណាយក្នុងឧស្សាហកម្ម AI» ដែលកំពុងប្តូរមុខមាត់ទីផ្សារបច្ចេកវិទ្យាសកលទាំងស្រុង៕