ប៉ូឡូញស្នើឱ្យសហភាពអឺរ៉ុបស៊ើបអង្កេត TikTok ជុំវិញការចែកចាយព័ត៌មានមិនពិតដែលបង្កើតដោយ AI (សង្ស័យជាស្នាដៃរុស្ស៊ី)

31-12-2025 15:23

(បរទេស)៖ រដ្ឋាភិបាលប្រទេសប៉ូឡូញបានស្នើឱ្យគណៈកម្មការអឺរ៉ុបធ្វើការស៊ើបអង្កេតលើបណ្ដាញសង្គម TikTok បន្ទាប់ពីមានការចែកចាយខ្លឹមសារដែល​បង្កើតឡើង​ដោយបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងញុះញង់ឱ្យប៉ូឡូញដកខ្លួនចេញពីសហភាពអឺរ៉ុប (EU)។ អាជ្ញាធរប៉ូឡូញបានអះអាងថា ខ្លឹមសារទាំងនោះគឺជាយុទ្ធនាការ «ព័ត៌មានមិនពិត» របស់រុស្ស៊ី។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គណនី TikTok មួយចំនួនបានបង្ហាញវីដេអូស្ត្រីវ័យក្មេងស្លៀកពាក់ពណ៌តំណាងជាតិប៉ូឡូញ និងអំពាវនាវឱ្យប្រទេសនេះចាក​ចេញពី EU។ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញបានបញ្ជាក់ថា វីដេអូទាំងនោះពិតជាព័ត៌មានមិនពិតរបស់រុស្ស៊ី ព្រោះការនិយាយក្នុងវីដេអូមានប្រើប្រាស់ក្បួនវេយ្យាករណ៍​តាមបែបភាសារុស្ស៊ី។

អនុរដ្ឋមន្ត្រីក្រសួងឌីជីថល លោក Dariusz Standerski បានលើកឡើងថា TikTok បានបរាជ័យក្នុងការអនុវត្តកាតព្វកិច្ចក្នុងនាមជា «វេទិកាអនឡាញខ្នាតធំ (VLOP)» ក្រោមច្បាប់សេវាកម្មឌីជីថល (Digital Services Act - DSA) របស់អឺរ៉ុប។

អ្នកនាំពាក្យ TikTok បានប្រាប់ Reuters ថាពួកគេបានទាក់ទងជាមួយអាជ្ញាធរប៉ូឡូញរួចហើយ និងបានលុបខ្លឹមសារដែលល្មើសនឹងច្បាប់របស់ខ្លួន​ចេញពីវេទិកា ខណៈដែលគណៈកម្មការអឺរ៉ុបបានបញ្ជាក់ពីការទទួលបានលិខិតប្តឹងនេះ ហើយបានរំលឹកថា ក្រោមច្បាប់ DSA វេទិកាធំៗត្រូវតែវាយតម្លៃរាល់ហានិភ័យ​ដែលកើត​ចេញ​ពីសេវាកម្មរបស់ខ្លួន រួមទាំងហានិភ័យដែលទាក់ទងនឹង AI ផងដែរ។

ប្រសិនបើរកឃើញថា TikTok ពិតជាបានបរាជ័យក្នុងការគ្រប់គ្រងខ្លឹមសារដែលមានគ្រោះថ្នាក់ដូចជា ការស្អប់ខ្ពើម ការរើសអើងជាតិសាសន៍ ឬការជ្រៀតជ្រែកការបោះឆ្នោត គណៈកម្មការអឺរ៉ុបមានអំណាចក្នុងការ ផាកពិន័យរហូតដល់ ៦% នៃចំណូលប្រចាំឆ្នាំសរុបរបស់ក្រុមហ៊ុននៅទូទាំងពិភពលោក។

គួររំលឹកផងដែរថា កាលពីឆ្នាំ ២០២៤ គណៈកម្មការអឺរ៉ុបក៏បានបើកការស៊ើបអង្កេតផ្លូវការលើ TikTok ជុំវិញការបរាជ័យក្នុងការទប់ស្កាត់ការជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីនៅប្រទេសរ៉ូម៉ានីរួចមកហើយ៕