ByteDance គ្រោងបោះទុនយក្ស ១៤ ពាន់លានដុល្លារទិញបន្ទះឈីប AI ពី Nvidia នៅឆ្នាំ ២០២៦
31-12-2025 16:25
(បរទេស)៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវបានរាយការណ៍ថា កំពុងរៀបចំផែនការចំណាយថវិកាយ៉ាងមហិមាចំនួន ១០០ ពាន់លានយ័ន (ប្រហែល ១៤,២៩ ពាន់លានដុល្លារអាមេរិក) ដើម្បីបញ្ជាទិញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុន Nvidia ក្នុងឆ្នាំ ២០២៦។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន South China Morning Post (SCMP)។
គម្រោងចំណាយដ៏ធំនេះ បង្ហាញពីការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងកញ្ចប់ថវិកាប្រហែល ៨៥ ពាន់លានយ័ន ក្នុងឆ្នាំ ២០២៥។ ការសម្រេចចិត្តបង្កើនការវិនិយោគនេះ កើតឡើងស្របពេលដែល ByteDance កំពុងពង្រឹងមហិច្ឆតារបស់ខ្លួនក្នុងវិស័យ AI ជាពិសេសលើការអភិវឌ្ឍម៉ូដែលភាសាធំៗ (LLMs) ដូចជា «Doubao» និងការកែលម្អប្រព័ន្ធ Algorithm សម្រាប់ TikTok និង Douyin ឱ្យកាន់តែឆ្លាតវៃ។
យោងតាមប្រភពជិតស្និទ្ធបានឱ្យដឹងថា ផែនការចំណាយ ១៤ ពាន់លានដុល្លារនេះ នឹងកើតឡើងទៅបាន លុះត្រាតែក្រុមហ៊ុន Nvidia ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលក់បន្ទះឈីបកម្រិតខ្ពស់ប្រភេទ H200 ទៅឱ្យប្រទេសចិន។
គួររំលឹកផងដែរថា កាលពីដើមខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បានបង្ហាញសញ្ញានៃការបន្ធូរបន្ថយការរឹតបន្តឹងផ្នែកបច្ចេកវិទ្យា ដោយអនុញ្ញាតឱ្យក្រុមហ៊ុន Nvidia លក់បន្ទះឈីប H200 (ដែលជាប្រភេទមានសមត្ថភាពខ្លាំងជាងមុន ៦ ដង បើធៀបនឹងប្រភេទ H20) ទៅឱ្យអតិថិជនចិន។ ទោះជាយ៉ាងណា ការទិញ-លក់នេះត្រូវភ្ជាប់មកជាមួយនូវ «ថ្លៃសេវា ២៥%» ដែលត្រូវបង់ជូនរដ្ឋាភិបាលអាមេរិកជាថ្នូរនឹងការនាំចេញ។
ទោះបីជា ByteDance ពឹងផ្អែកខ្លាំងលើ Nvidia ក៏ដោយ ក៏ក្រុមហ៊ុននេះមិនបានដាក់ស៊ុតទាំងអស់ក្នុងកន្ត្រកតែមួយនោះទេ។ ByteDance កំពុងអនុវត្តយុទ្ធសាស្ត្រ «ដើរផ្លូវពីរ» គឺ បន្តទិញបន្ទះឈីបកម្រិតកំពូលពី Nvidia ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងលើឆាកអន្តរជាតិ និងក្រុមហ៊ុនមានក្រុមការងាររចនាបន្ទះឈីបផ្ទាល់ខ្លួនដែលមានបុគ្គលិកជាង ១,០០០ នាក់។ ថ្មីៗនេះ ពួកគេបានជោគជ័យក្នុងការបង្កើតបន្ទះឈីបដែលសមត្ថភាពប្រហាក់ប្រហែលនឹង Nvidia H20 ដើម្បីកាត់បន្ថយហានិភ័យ ប្រសិនបើមានការរឹតបន្តឹងជាថ្មីពីអាមេរិក។
ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់របស់ ByteDance មិនត្រឹមតែជួយជំរុញចំណូលរបស់ Nvidia នោះទេ ប៉ុន្តែវាក៏ជាសញ្ញាមួយបង្ហាញថា សង្រ្គាមបច្ចេកវិទ្យា AI រវាងសហរដ្ឋអាមេរិក និងចិន កំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា និងមានទំហំទឹកប្រាក់កាន់តែធំ៕





