លោកបណ្ឌិត ថោង ខុន ផ្ដល់អនុសាសន៍ ៥ចំណុច ដើម្បីបន្ដសម្រួចគុណផលកីឡាកាយសម្ព័ន្ធ ត្រៀមព្រឹត្តិការណ៍អន្ដរជាតិនានា
31-12-2025 19:40
(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗ ៥ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាកាយសម្ព័ន្ធកម្ពុជា ឲ្យកាន់តែរីកចម្រើន ទាំងបរិមាណ និងគុណភាព សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ចាប់ពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី។
នេះបើតាមការលើកឡើងរបស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ដ្រី នៅក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៩ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រោយដំណើរការប្រកួតអស់រយៈពេល ៦ថ្ងៃ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះ ក្នុងនាមតំណាងថ្នាក់ដឹកនាំសហព័ន្ធ លោកបានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជិត ១សប្ដាហ៍កន្លងមក ដែលជាវេទិកាវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហ្វឹកហាត់កន្លងមក។ ជាលទ្ធផលកីឡាករ-កីឡាការិនីទាំងអស់ បានបង្ហាញនូវគុណផលរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ដែលជាធនធានបន្ដវេនតែម្ដង។
យ៉ាងណាមិញ ដើម្បីធានាបាននូវការអភិវឌ្ឍ និងភាពរីកចម្រើន ទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ ហើយទទួលបានលទ្ធផលល្អ សម្រាប់ការត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិ និងហ្គេមនានា ក្នុងឆ្នាំ២០២៦ ក៏ដូចជាស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី ជាពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា លោកបានពាំនាំនូវអនុសាសន៍របស់លោកបណ្ឌិត ថោង ខុន ចំនួន ៥ចំណុច ដែលសហព័ន្ធត្រូវបន្ដយកចិត្តទុកដាក់ និងអនុវត្ត រួមមាន៖
១. បណ្តុះបណ្តាលកីឡាករ-កីឡាការិនីផ្ទាលតាមកម្រិតអាយុ និងបញ្ជូនទៅហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់ (High Performance)។
២. ពង្រឹងសមត្ថភាពចៅក្រម មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ ឲ្យកាន់តែល្អប្រសើរទាំង បរិមាណ និងគុណភាព។
៣. ជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប និងសមាគម។
៤. ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគម ដែលមានរួចមកហើយឲ្យបានរឹងមាំ និងស្វែងរកដៃគូរអភិវឌ្ឍបន្ថែមទៀត។
៥. ជំរុញឲ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនជារៀងរាល់ឆ្នាំ។
គួរដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំ២០២៥ នេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ដោយមានក្លិបចំនួន ៨ មកពី ២ក្រសួង និង ៣ខេត្តចូលរួម គឺមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានកីឡាករ-កីឡាការិនី ៦៤នាក់ និង មន្ត្រីបច្ចេកទេស៣៣នាក់ ក្រោមការឧបត្ថម្ភថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នាលោកទេសរដ្ឋមន្ដ្រី ថោង ខុន ក្រៅពីផ្ដល់រង្វាន់លើកទឹកចិត្តដូចសព្វដង ក៏បានគិតគូរនូវអាហារដល់ប្រតិភូកីឡាទាំងអស់ផងដែរ។
ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលបច្ចេកទេសវិញ គ្រប់ក្រសួង និងខេត្តចូលរួម សុទ្ធតែទទួលបានមេដាយ ក្នុងនោះក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ ១១គ្រឿង(មាស ៥ និងប្រាក់ ៦), ខេត្តកំពង់ឆ្នាំង ឈរលេខ២ ឈ្នះមេដាយសរុប ៨គ្រឿង (មាស៣ ប្រាក់២ និងសំរឹទ្ធ៣), ក្រសួងការពារជាតិ ឈរលេខ៣ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ៦), ខេត្តក្រចេះ ឈរលេខ៤ ឈ្នះមេដាយសរុប ៩គ្រឿង(មាស២ ប្រាក់៤ និងសំរឹទ្ធ៣) និងខេត្តស្ទឹងត្រែង ដែលជាខេត្តចំណូលថ្មី ក៏ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងដែរ៕


















