FIFA ត្រៀមផ្លាស់ប្តូរច្បាប់ offside ឆាប់ៗនេះ ក្រោមគំនិតផ្តួចផ្តើមរបស់លោក Arsene Wenger

01-01-2026 10:24

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានបង្ហើបពីផែនការផ្លាស់ប្តូរដ៏ធំមួយពោលគឺ «ច្បាប់ offside» ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់អតីតគ្រូបង្វឹកលំដាប់ពិភពលោក Arsene Wenger។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ sportaran។

Offside rule អាចនឹងត្រូវពិព័រណ៌នា ក៏ដូចជាដាក់ឱ្យតេស្តសាកល្បងចាប់ពីដើមរដូវកាលឆ្នាំ២០២៦-២៧ ដែលជាការផ្លាស់ប្តូរថ្មីដ៏ធំបំផុតមួយក្នុងបាល់ទាត់ពិភពលោកនៃរយៈពេលច្រើនទសវត្សរ៍មកនេះ ស្របពេល FIFA ក៏បានពិភាក្សាជាមួយសមាគមជាសមាជិក (IFAB) ទៅលើកំណែទម្រង់ខ្លះៗក្នុងការប្រកួតនេះដែរ។

Offside rule ឬក៏ Wenger Law របស់លោក Arsene Wenger អតីតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ដែល បច្ចុប្បន្ន គឺជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA ក្រោយពេលបុរសសញ្ជាតិបារាំងរូបនេះ ចូលនិវត្តន៍ពីអាជីពគ្រូបង្វឹករួចមក។

ខ្លីខ្លឹម ដើម្បីងាយយល់ ពោលគឺទាល់តែខ្សែប្រយុទ្ធមានគម្លាតដាច់ពីខ្សែការពារតែម្តង នៅពេលដាក់បន្ទាត់ពុំមានប៉ះផ្នែកណាមួយនោះ (the attacking player is completely ahead of the last defender) ខណៈស្ថិតក្រោមច្បាប់ offside បច្ចុប្បន្ន នៅពេលផ្នែកណាមួយនៃដងខ្លួននាំមុខត្រឹមតែ ១មីលីម៉ែត្រ ក៏ត្រូវបានចាត់ទុកថា offside ដែរ។

ប្រសិនបើច្បាប់ថ្មី offside ដែលបានសិក្សាតាំងពីឆ្នាំ២០២០ ត្រូវបានដាក់ឱ្យប្រើប្រាស់មែននោះ នោះនឹងធ្វើឱ្យប៉ះពាល់តាក់ទិចលេងរបស់ក្រុម រួមទាំងអាជ្ញាកណ្តាល និង VAR ថែមទៀត ដែលវាជាការបង្កើនឱកាស ដើម្បីរកគ្រាប់បាល់ ក្នុងបាល់ទាត់សម័យទំនើបនាសតវត្សរ៍ទី២១ នេះ៕