«Samsung វិលត្រលប់មកវិញ» បន្ទះឈីបជំនាន់ថ្មី HBM4 កំពុងអង្រួនទីផ្សារ AI
02-01-2026 09:42
(បរទេស)៖ ក្រុមហ៊ុន Samsung Electronics បានប្រកាសពីភាពជោគជ័យដ៏ធំធេងនៃបន្ទះឈីបអង្គចងចាំជំនាន់ថ្មី HBM4 ដោយបញ្ជាក់ថា បច្ចេកវិទ្យានេះកំពុងទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អតិថិជនជុំវិញពិភពលោក ចំពោះសមត្ថភាពប្រកួតប្រជែងដ៏លេចធ្លោររបស់វា។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៦។
លោក Jun Young-hyun ប្រធានផ្នែកបន្ទះឈីបរបស់ Samsung បានលើកឡើងក្នុងឱកាសឆ្នាំថ្មីថា វឌ្ឍនភាពនៃបន្ទះឈីប HBM4 នេះ បានធ្វើឱ្យអតិថិជនមានទំនុកចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់មានការលាន់មាត់សរសើរថា «Samsung is back» ឬ «Samsung បានត្រលប់មកវិញហើយ»។ នេះជាសញ្ញាវិជ្ជមានមួយបង្ហាញថា ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ បានត្រៀមខ្លួនរួចរាល់ក្នុងការដណ្ដើមតំណែងជើងឯកក្នុងពិភពបច្ចេកវិទ្យាឡើងវិញ។
បច្ចុប្បន្ន Samsung កំពុងស្ថិតក្នុងកិច្ចពិភាក្សាយ៉ាងជិតស្និទ្ធក្នុងការផ្គត់ផ្គង់បន្ទះឈីបដ៏ទំនើបនេះទៅឱ្យក្រុមហ៊ុន Nvidia ដែលជាស្ដេចត្រាញ់ផ្នែកបន្ទះឈីប AI។ ការបោះជំហានទៅមុខនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់ Samsung ក្នុងការដេញតាមឱ្យទាន់គូប្រជែងធំៗដូចជា SK Hynix ដើម្បីឈរជើងក្នុងតំណែងកំពូលនៃទីផ្សារបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងមានសន្ទុះខ្លាំង៕










