AFCON 2025 ម្ចាស់ផ្ទះប៉ះគីឡូមធ្យម ក្នុងវគ្គ ១៦ក្រុម ខណៈហ្គាបុងត្រូវរងពិន័យខ្លាំងពីរដ្ឋាភិបាល

02-01-2026 09:49

(អាហ្វ្រិក)៖ ការប្រកួតដណ្តើមពានរង្វាន់តំបន់អាហ្វ្រិក Africa Cup of Nations 2025 ដែលមានប្រទេសម៉ារ៉ុក ធ្វើជាម្ចាស់ផ្ទះនេះរកបានក្រុមលេងវគ្គ ១៦ក្រុមជាផ្លូវការហើយ ដោយក្រុមម្ចាស់ផ្ទះជួបក្រុមគីឡូមធ្យមតង់ហ្សានី ខណៈជម្រើសជាតិហ្គាបុង ដែលធ្លាក់ចេញត្រឹមវគ្គចែកពូលនោះ ត្រូវបានរដ្ឋាភិបាលដាក់ពិន័យខ្លាំង និងដកហូតសិទ្ធកីឡាករចេញពីក្រុម ។

បើតាមការឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងកីឡារបស់ប្រទេសហ្គាបុង បានប្រកាសតាមកញ្ចក់ទូរទស្សន៍ អំពីការព្យួរក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ចុងក្រោយនៅក្នុងពូលរបស់ពួកគេ ហើយត្រូវបានធ្លាក់ចេញពីការប្រកួតនៅប្រទេសម៉ារ៉ុកនេះ។

ការលេងមិនឈ្នះនៅ ៣ប្រកួតជាប់គ្នាពីវគ្គចែកពូលនេះ ត្រូវបានរដ្ឋាភិបាលហ្គាបុង បានប្រកាសព្យួរក្រុមជម្រើសជាតិ ការបណ្តេញគ្រូបង្វឹក និងការដកលោក Pierre-Emerick Aubameyang ចេញពីក្រុម បន្ទាប់ពីប្រជែងពានរង្វាន់ Africa Cup of Nations 2025 ។

សូមជម្រាបផងថា ការរំសាយក្រុមជម្រើសជាតិ គឺធ្លាប់ជាសកម្មភាពទូទៅនៅទ្វីបអាហ្វ្រិកចំពោះលទ្ធផលខកចិត្ត ខណៈការព្យួរ ឬការដាក់ពិន័យពីរដ្ឋាភិបាលនេះ ត្រូវបានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំង ដែលមានការជ្រៀតជ្រែករបស់រដ្ឋាភិបាល ក្នុងការដំណើរការរបស់សហព័ន្ធបាល់ទាត់នេះ ដែលត្រូវបានចាត់ទុកជាករណីកម្រមួយ។

សម្រាប់វគ្គ ១៦ក្រុមពានរង្វាន់ Africa Cup of Nations 2025 ឃើញថា ម្ចាស់ផ្ទះម៉ារ៉ុក ជួបក្រុមតង់ហ្សានី, ម៉ាលី ប៉ះក្រុមទុយណេស៊ី, សេណេហ្គា ប៉ះក្រុមស៊ូដង, អេហ្ស៊ីប ប៉ះក្រុមបេនីន, កូតឌីវ័រ ប៉ះក្រុមប៊ូគីណាហ្វាសូ, អាហ្វ្រិកខាងត្បូង ប៉ះកាំមេរ៉ូន, អាល់ហ្សេរី ប៉ះក្រុមម៉ូសំប៊ិក ៕