សកម្មភាពកីឡាសំខាន់ៗក្នុងឆ្នាំ២០២៦ ដែលក្រសួងអប់រំ និង NOCC បានត្រៀមលក្ខណៈ
02-01-2026 09:56
(ភ្នំពេញ)៖ ឈានចូលថ្មី ឆ្នាំ២០២៦ គ្រប់សកម្មភាពត្រូវបានដាក់ចូលក្នុងផែនការប្រចាំឆ្នាំ តួយ៉ាងវិស័យកីឡា ក៏ដូច្នេះដែរ ដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមសេនាធិការរាជរដ្ឋាភិបាល បានត្រៀមនូវផែនការជាច្រើន ដើម្បីអនុវត្ត ឆ្ពោះទៅរកការពង្រឹង និងអភិវឌ្ឍឲ្យកាន់តែរីកចម្រើន គ្រាដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏បានត្រៀមធ្វើការជាមួយអង្គភាពកីឡាជាតិ និងអន្ដរជាតិ ដើម្បីពួតដៃជំរុញការអភិវឌ្ឍ និងចូលរួមការប្រកួតអន្ដរជាតិនានាផងដែរ។
ពាក់ព័ន្ធនឹងសកម្មភាពកីឡាប្រចាំឆ្នាំ២០២៦ នេះដែរ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានសង្ខេបនូវកម្មវិធីសំខាន់ៗមួយចំនួន ពិសេសសកម្មភាពរបស់ក្រសួងអប់រំ ដែលនឹងត្រូវគោរពតាមគោលការណ៍ និងអនុសាសន៍ណែនាំផ្ទាល់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួមមាន៖
១. ការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ ដែលជាការប្រកួតក្របខណ្ឌខ្ពស់បំផុតសម្រាប់កីឡាថ្នាក់ជាតិរៀងរាល់ ២ឆ្នាំម្ដង។
២-ក្រសួងអប់រំ បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវពង្រឹងសមត្ថភាពគ្រប់គ្រងកីឡាជាតិ តាមរយៈការបង្វែរការបណ្ដុះបណ្ដាលទូទៅ មកជាការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈ ច្បាស់លាស់ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងសហព័ន្ធកីឡាជាតិ ឬតាមនាយកដ្ឋាន ឬអង្គភាពកីឡាជំនាញ ឲ្យចំគោលដៅ និងទទួលបានផលមកវិញប្រកបដោយប្រសិទ្ធភាព។
៣-ការត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៧ ។ ការធ្វើម្ចាស់ផ្ទះនេះ គឺជាគោលការណ៍របស់អាស៊ាន ហើយក្រសួងអប់រំ ក៏បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលរួចរាល់ ជាមួយការតាំងចិត្តធ្វើឲ្យមានប្រសិទ្ធភាព ហើយមានអ្វីមួយថ្មី ដែលផ្ដើមគំនិតពីកម្ពុជា ជាក់ស្ដែងកម្ពុជាបានជំរុញឲ្យមានការយកចិត្តទុកដាក់ ក្នុងការរៀបចំចេញជាផ្លែផ្កា ពាក់ព័ន្ធនឹងការអភិវឌ្ឍកីឡាប្រពៃណីអត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗ តាមរយៈការសម្ដែងចេញជាសកម្មភាពពិតប្រាកដ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។
៤-ការពង្រឹងសុខុមាលភាពសិស្សានុសិស្ស តាមគ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន ត្រូវគោរពតាមគោលការណ៍របស់ក្រសួងអប់រំ ដើម្បីលើកកម្ពស់ថាមពល និងបញ្ញាស្មារតី ជួយដល់សិស្សានុសិស្ស និងនិស្សិតទាំងអស់ឲ្យមានសុខភាពរឹងមាំ តាមរយៈកម្មវិធីកីឡាក្នុងម៉ោង និងកីឡាក្រៅម៉ោងសិក្សា រួមជាមួយគ្រូអប់រំកាយ និងកីឡា តាមសាលានីមួយៗ ក៏ត្រូវបានពង្រឹង និងបណ្ដុះបណ្ដាលជំនាញត្រឹមត្រូវផងដែរ។
៥- ការបន្ដពង្រឹង និងអភិវឌ្ឍន៍ឧត្តមភាពនៃកីឡាជំនាញកម្រិតខ្ពស់ តាមរយៈការប្រមូលផ្ដុំជម្រើសជាតិ ត្រៀមការប្រកួតកីឡាអន្ដរជាតិនានា ពិសេសកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងប្រកបដោយសមភាព និងគុណផលកីឡាល្អប្រសើរ ឆ្ពោះទៅរកជំហានថ្មីមួយ នៃការឈានរកកម្រិតខ្ពស់ជាងកីឡាអាស៊ីលើកមុនៗ។
៦-ការត្រៀមកិច្ចសហប្រតិបត្តិការឲ្យការងារអនុវត្តទាំងអស់ ធ្វើកិច្ចសហការជាមួយអន្ដរជាតិឲ្យបានច្រើន ក្នុងការកៀរគរជំនួយផ្នែកបច្ចេកទេស ពិសេសខាងផ្នែកវិទ្យាសាស្ដ្រកីឡា ។ ឆ្នាំ២០២៦ ក្រសួងអប់រំ បានត្រៀមលក្ខណៈបណ្ដុះបណ្ដាលខាងផ្នែកវិទ្យាសាស្ដ្រកីឡាឲ្យបានច្រើន ព្រោះវិទ្យាសាស្ដ្រកីឡា គឺជាកម្មវត្ថុមួយដ៏សំខាន់ នៅក្នុងការអភិវឌ្ឍជំនាញឲ្យមានស្ថេរភាព និងឧត្តមភាពបាន បើគ្មានវិទ្យាសាស្ដ្រកីឡា ការកសាងសមត្ថភាពរបស់កីឡាករ-កីឡាការិនីមិនអាចរឹងមាំ និងចាក់គ្រឹះបានល្អ ហើយឈានទៅកម្រិតខ្ពស់ហើយខ្ពស់ទៀតបានឡើយ។
ក្រឡេកទៅចាប់អារម្មណ៍បេសកកម្មរបស់ NOCC វិញ ក៏មានភារកិច្ចសំខាន់ៗជាច្រើនត្រូវអនុវត្ត ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ឆ្នាំ២០២៦ គឺជាពេលវេលាមួយដ៏សំខាន់ ដែលត្រូវពង្រឹងសមត្ថភាពរបស់សហព័ន្ធកីឡាជាតិបន្ដទៀត ព្រោះសហព័ន្ធកីឡាជាតិ គឺជាស្នូលនៃការអភិវឌ្ឍន៍កីឡាជំនាញ។ NOCC នឹងខិតខំប្រឹងប្រែងជាមួយសហព័ន្ធ កីឡាករ-កីឡាការិនីជាតិ និងអង្គភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ត្រៀមសកម្មភាព ក៏ដូចជាការប្រកួតកីឡាថ្នាក់ជាតិ និងអន្ដរជាតិនានា។
លោកបន្ដថា ឆ្នាំ២០២៦ គឺជាឆ្នាំទី២ នៃការត្រៀមដំណើរឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក ។ NOCC កំពុងត្រៀមរៀបចំនូវការប្រមែប្រមូលធនធានដើម្បីគាំទ្រដល់អត្ដពលិកជាតិ ខណៈជាគោលដៅរបស់ NOCC ក្រោមការចង្អុលបង្ហាញរបស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន អូឡាំពិក-២០២៨ ធ្វើយ៉ាងណាឲ្យមានកីឡាករជាប់វគ្គជម្រុះ(Qualifier) ឲ្យបានច្រើន មានន័យថា កីឡាករទទួលបានសិទ្ធក្នុងការប្រកួតប្រជែងដោយសមត្ថភាពរបស់ខ្លួន មិនទទួលសិទ្ធអនុគ្រោះទៀត ។ លើសពីនេះ ក៏មានការងារជាច្រើន ដែល NOCC នឹងបន្ដអនុវត្ត ទាំងក្របខណ្ឌកីឡាជំនាញ និងកីឡាមហាជន ក៏ដូចជាការផ្សព្វផ្សាយអប់រំអំពីគុណប្រយោជន៍ និងឧត្តមគតិរបស់ចលនាអូឡាំពិកផងដែរ៕








