ក្រុមហ៊ុនឈីប AI របស់ចិន Biren កើនឡើងភាគហ៊ុន ៨២% ក្រោយបង្ហាញខ្លួនលើកដំបូងនៅហុងកុង
02-01-2026 10:43
(បរទេស)៖ ភាគហ៊ុនរបស់ Biren Technology ដែលជាក្រុមហ៊ុនផលិតឈីបបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិន បានកើនឡើងប្រមាណ ៨២% នៅថ្ងៃដំបូងនៃការជួញដូរនៅលើទីផ្សារហ៊ុនហុងកុង (HKEX) ដែលត្រូវបានមើលឃើញថា ជាការចាប់ផ្តើមដ៏ល្អសម្រាប់ការចុះបញ្ជីក្រុមហ៊ុនថ្មីៗក្នុងឆ្នាំ២០២៦នេះ។
Biren បានដាក់លក់ភាគហ៊ុនក្នុងតម្លៃ ១៩.៦០ដុល្លារក្នុងការចូលទីផ្សារដំបូង (IPO) ខណៈភាគហ៊ុនបានបើកការជួញដូរនៅតម្លៃខ្ពស់ជាងនេះយ៉ាងខ្លាំង និងបានឡើងដល់ជាង ៣៥ដុល្លារក្នុងរយៈពេលខ្លី ដែលបង្ហាញពីការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិន។ ក្រុមហ៊ុនបានប្រមូលប្រាក់បានប្រហែល ៥.៥៨ពាន់លានដុល្លារហុងកុង (ប្រហែល ៧១៧លានដុល្លារអាមេរិក) តាមរយៈការលក់ភាគហ៊ុនជាង ២៨៤ លានភាគហ៊ុន។ ការដាក់ស្នើរបស់វិនិយោគិនជាលក្ខណៈស្ថាប័ន និងវិនិយោគិនជាបែបបុគ្គល មានការចុះឈ្មោះលើសចំនួនយ៉ាងខ្លាំង ដែលបង្ហាញពីទំនុកចិត្តលើអនាគតវិស័យឈីប AI របស់ចិន។ Biren Technology ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ហើយផ្តោតលើការអភិវឌ្ឍឈីប GPU និងប្រព័ន្ធគណនាថាមពលខ្ពស់ សម្រាប់ការប្រើប្រាស់ក្នុងវិស័យ AI និង High-Performance Computing។
ក្រុមហ៊ុននេះ ជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រចិន ក្នុងការកាត់បន្ថយការពឹងផ្អែកលើឈីបបរទេស ដូចជា Nvidia។ ជោគជ័យនៃការចូលទីផ្សារហ៊ុនរបស់ Biren កើតឡើងនៅពេលដែលប្រទេសចិន កំពុងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាផ្ទាល់ខ្លួន លើវិស័យឈីប និង AI ខណៈការរឹតត្បិតបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក នៅតែបន្ត។ អ្នកវិភាគបានមើលឃើញថា ការចុះបញ្ជីនេះ អាចជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងទៀត ជ្រើសរើសទីផ្សារហុងកុង ជាចំណុចសំខាន់សម្រាប់ការប្រមូលមូលធន ក្នុងឆ្នាំខាងមុខៗ៕












