សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សភៀសសឹក ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ

02-01-2026 16:25

(ភ្នំពេញ)៖ សង្គ្រាមឈ្លានពានរយៈពេល២០ថ្ងៃ ដែលបង្កឡើងដោយថៃ ពិតជាបង្កនូវវិនាសកម្មតាមគ្រប់ទម្រង់ ជាច្រើនឥតគណនា ក្នុងស្ថានភាពលំបាក ការចងចាំ និងការរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបរិច្ចាគថវិកាចំនួន ១០ ០០០ដុល្លារសហរដ្ឋអាមេរិក តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយឧបត្ថម្ភលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សភៀសសឹកតាមព្រំដែន ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។

ការប្រគល់ថវិកានេះត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធីបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីឧកញ៉ាបណ្ឌិត ត្រាំង លី លោក ហ៊ឹម សំអាតស្ព្រង់ ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំង គណៈគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរូបទៀតនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានថ្លែងថា៖ «ក្រៅពីបញ្ជូនគណ:ប្រតិភូតំណាងជាច្រើនក្រុម របស់សាលាចុះទៅជួយផ្ទាល់ដល់មូលដ្ឋានតាមព្រំដែនថ្ងៃនេះ សាលាបាននាំយកថវិកាមូលនិធិសាលាចំនួន ១០ ០០០ដុល្លារ បន្ថែមទៀតប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ហើយសាលាសង្ឃឹមថាថវិកានេះនឹងអាចរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងជួយដោះស្រាយបញ្ហាលំបាកមួយផ្នែករបស់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សភៀសសឹកតាមបណ្ដោយព្រំដែន»

ជាការឆ្លើយតប លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលតែងគិតគូរដល់សុខទុក្ខរបស់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងបងប្អូនប្រជាពលរដ្ឋភៀសសឹកតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ទន្ទឹមនឹងការបណ្តុះបណ្តាលថ្នាលអប់រំគ្រឹះប្រកបដោយគុណភាពមួយនៅព្រះរាជាណាចក្រកម្ពុជា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅតែបន្តតាមដានស្ថានការណ៍វិវត្តតាមព្រំដែន និងបន្តឧបត្ថម្ភគាំទ្រតាមលទ្ធភាពរបស់ខ្លួន ហើយសង្ឃឹមថាប្រក្រតីភាពឡើងវិញនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុននេះ៕