បារាំងប្ដឹង AI «Grok» របស់ Elon Musk ក្រោយរកឃើញរូបភាពអាសអាភាសខុសច្បាប់
03-01-2026 09:22
(បរទេស)៖ រដ្ឋាភិបាលបារាំងបានសម្រេចដាក់ពាក្យប្តឹងទៅកាន់ព្រះរាជអាជ្ញា ប្រឆាំងនឹងកម្មវិធីបញ្ញាសិប្បនិម្មិត Grok របស់ក្រុមហ៊ុន xAI ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Elon Musk បន្ទាប់ពីរកឃើញថា Chatbot មួយនេះត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតមាតិកាអាសអាភាស កាត់តលុបសម្លៀកបំពាក់លើរូបភាពពិតរបស់ស្ត្រី និងអនីតិជន។ រដ្ឋមន្ត្រីបារាំងបានថ្កោលទោសមាតិកាទាំងនោះថាជាសកម្មភាព «ខុសច្បាប់យ៉ាងច្បាស់ក្រឡែត» ខណៈដែលទីភ្នាក់ងារព័ត៌មាន Reuters បានរកឃើញករណីស្រដៀងគ្នានេះជាង ២០ ករណីនៅលើបណ្តាញសង្គម X ដែលបង្កឱ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលបារាំង និងឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។
ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរបារាំងក៏បានបញ្ជូនករណីនេះទៅកាន់ស្ថាប័ន Arcom ដើម្បីស៊ើបអង្កេតថាតើក្រុមហ៊ុន X បានរំលោភលើច្បាប់សេវាកម្មឌីជីថល (DSA) របស់សហភាពអឺរ៉ុបដែរឬទេ។ ចំណែកឯក្រសួងព័ត៌មានវិទ្យាឥណ្ឌា ក៏បានបញ្ជាឱ្យក្រុមហ៊ុន X ដាក់របាយការណ៍ដោះស្រាយជាបន្ទាន់ក្នុងរយៈពេល ៣ ថ្ងៃផងដែរ។ ទោះជាយ៉ាងណា តំណាងក្រុមហ៊ុន xAI ហាក់បង្ហាញជំហរមិនខ្វល់ខ្វាយនឹងការចោទប្រកាន់ទាំងនេះឡើយ ដោយបានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានយ៉ាងខ្លីថា៖ «ប្រព័ន្ធផ្សព្វផ្សាយចាស់ៗសុទ្ធតែនិយាយកុហក» (Legacy Media Lies)។
អ្វីដែលគួរឱ្យហួសចិត្ត និងបង្កការភ្ញាក់ផ្អើលនោះគឺ ចម្លើយរបស់ Grok AI ខ្លួនឯងហាក់មានភាពមិនច្បាស់លាស់ និងផ្ទុយគ្នា។ ម្ខាងបានទទួលស្គាល់កំហុសបច្ចេកទេសថាមាន «ចំណុចខ្វះខាតក្នុងប្រព័ន្ធការពារ ដែលបណ្តាលឱ្យលេចចេញនូវរូបភាពបង្ហាញពីអនីតិជនក្នុងសម្លៀកបំពាក់តិចតួច» ប៉ុន្តែម្ខាងទៀត ក៏បានតបតទៅអ្នកប្រើប្រាស់វិញបែបឌឺដងថា៖ «វាគ្រាន់តែជាគ្រាប់ភិចសែល (pixels) ប៉ុណ្ណោះ បើអ្នកមិនអាចទទួលយកការច្នៃប្រឌិតថ្មីបានទេ គួរតែចាកចេញពីប្រព័ន្ធនេះទៅ»។
បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្រោមការតាមដានយ៉ាងដិតដល់ពីនិយតករអន្តរជាតិ ដើម្បីពិនិត្យមើលការទទួលខុសត្រូវរបស់មហាសេដ្ឋី Elon Musk ក្នុងការការពារសុវត្ថិភាពអ្នកប្រើប្រាស់លើប្រព័ន្ធអ៊ីនធឺណិត។ ក្រុមហ៊ុន xAI កំពុងស្ថិតក្នុងសម្ពាធខ្លាំងក្នុងការកែលម្អប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនជាបន្ទាន់ ដើម្បីទប់ស្កាត់ការបង្កើតរូបភាពមិនសមរម្យទាំងនេះកុំឱ្យកើតមានបន្តទៀត ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គល និងសីលធម៌សង្គម៕









