ប៉ូលីសចោទប្រកាន់អ្នកបើកបរ ពីបទបើកបរដ៏គ្រោះថ្នាក់បង្កឱ្យ Joshua រងរបួស និងសម្លាប់មិត្តភក្តិជិតស្និទ្ធពីរនាក់របស់គាត់

03-01-2026 09:26

(នីហ្សេរីយ៉ា)៖ ប៉ូលីសនីហ្សេរីយ៉ា បានឱ្យដឹងកាលពីថ្ងៃសុក្រថា អ្នកបើកបររថយន្តដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កធ្វើឱ្យអតីតជើងឯកប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោកអង់គ្លេស Anthony Joshua រងរបួស និងមិត្តភក្តិជិតស្និទ្ធពីរនាក់របស់គាត់បានបាត់បង់ជីវិតនោះ គឺត្រូវបានចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់ជីវិត និងករណីបើកបរដ៏គ្រោះថ្នាក់ ។

លោក Adeniyi Mobolaji Kayode អាយុ ៤៦ឆ្នាំ ដែលជាអ្នកបើកបរនោះ បានបង្ហាញខ្លួននៅចំពោះមុខតុលាការ Sagamu Magistrate Court កាលពីថ្ងៃសុក្រ ទាក់ទងនឹងគ្រោះថ្នាក់នៅលើផ្លូវល្បឿនលឿន Lagos-Ibadan ។

បើយោងតាមសេចក្តីថ្លែងការណ៍របស់បញ្ជាការប៉ូលីសរដ្ឋ Ogun បានឱ្យដឹងថា Kayode ត្រូវបានចោទប្រកាន់លើបទចោទចំនួន ៤ករណី រួមទាំងការបង្កឲ្យមានមនុស្សស្លាប់ដោយសារការបើកបរដ៏គ្រោះថ្នាក់ ខណៈសំណុំរឿងនេះត្រូវបានពន្យារពេលដល់ថ្ងៃទី២០ ខែមករា ដែលស្ថិតក្នុងការស៊ើបបន្ត ។

ជាមួយគ្នានោះ ប្រភពព័ត៌មានពីប៉ូលីសមួយ ក៏បានឱ្យដឹងបន្ថែមទៀតថា លោក Kayode ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាមួយនឹងការពិន័យចំនួន ៣,៤៩៩ដុល្លារ ជាមួយអ្នកធានាពីរនាក់ ប៉ុន្តែត្រូវបានឃុំខ្លួនរង់ចាំការបំពេញលក្ខខណ្ឌបន្ត ។

សូមជម្រាបផងថា កីឡាករប្រដាល់សកល Joshua អាយុ ៣៦ឆ្នាំ ត្រូវបានរាយការណ៍ថា បានរងរបួសស្រាល នៅពេលដែលរថយន្ត Lexus SUV ដែលគាត់កំពុងធ្វើដំណើរហើយបានបុកជាមួយរថយន្តមួយផ្សេងទៀតកាលពីថ្ងៃចន្ទ។ ខណៈមិត្តភក្តិ និងសមាជិកក្រុមរបស់គាត់ពីរនាក់គឺ Sina Ghami និង Latif Ayodele បានស្លាប់នៅក្នុងគ្រោះថ្នាក់នោះ ៕