IOC! អត្តពលិករុស្ស៊ី នឹងមិនអាចតំណាងប្រទេសបានទេ ក្នុងព្រឹត្តិការណ៍ Winter Olympics 2026 ទោះបីជាសង្គ្រាមអ៊ុយក្រែនបញ្ចប់ក៏ដោយ

03-01-2026 10:10

(បរទេស)៖ លោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានថ្លែងឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតអ៊ីតាលីថា សម្រាប់អត្តពលិករុស្ស៊ី ដែលនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា Winter Olympics 2026 (Milano Cortina) នឹងមិនអាចតំណាងឱ្យប្រទេសរបស់ពួកគេបានទេ ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមត្រូវបានសម្រេចឡើងជាមួយអ៊ុយក្រែនក៏ដោយ។

លោកស្រី Coventry បានប្រាប់ Corriere della Sera នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា នៅដំណាក់កាលនេះ គឺគ្មានអ្វីអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់គណៈកម្មាធិការដែលអនុញ្ញាតឱ្យអត្តពលិករុស្ស៊ីចូលរួមក្នុងការប្រកួតខែកុម្ភៈ ក្នុងនាមជាបុគ្គលដែលតំណាងឱ្យប្រជាជាតិខ្លួនឯងនោះទេ ។

សូមជម្រាបផងថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានហាមឃាត់ប្រទេសរុស្ស៊ី និងបេឡារុស នៅការប្រកួតកម្រិតអន្តរជាតិ បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយ IOC បានចេញសេចក្តីសម្រេចកាលពីខែកញ្ញាថា គ្រប់អត្តពលិករុស្ស៊ី និងបេឡារុសដែលនឹងចូលរួមប្រកួតប្រជែងនៅ Milano Cortina នឹងស្ថិតក្នុងនាមជាអត្តពលិកមិនអាចកាន់ទង់ជាតិ ឬគោរពភ្លេងជាតិឡើយ។

បញ្ជាក់ផងថា ការប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងារ Winter Olympics 2026 Milano Cortina នឹងដំណើរការពីថ្ងៃទី0៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ៕