ត្រាំ បញ្ឈប់កិច្ចព្រមព្រៀងឧស្សាហកម្មបន្ទះឈីបជាមួយចិន ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ និងទំនាក់ទំនង
03-01-2026 11:11
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាបញ្ឈប់ និងបញ្ជាឲ្យដកហូតកិច្ចព្រមព្រៀងនៅក្នុងវិស័យឧស្សាហកម្មបន្ទះឈីប (semiconductor) ដោយអះអាងថា កិច្ចព្រមព្រៀងនេះអាចបង្កហានិភ័យដល់សន្តិសុខជាតិអាមេរិក និងមានការពាក់ព័ន្ធជាមួយចិន។
យោងតាមសេចក្តីថ្លែងការណ៍ពីសេតវិមាន ក្រុមហ៊ុន HieFo Corp. ដែលបានចុះបញ្ជីនៅរដ្ឋ Delaware ប៉ុន្តែត្រូវបានគ្រប់គ្រងដោយពលរដ្ឋចិន បានទិញទ្រព្យសម្បត្តិ និងបច្ចេកវិទ្យាផលិតឈីបពីក្រុមហ៊ុនអាមេរិក Emcore Corp. ក្នុងតម្លៃប្រមាណ ២.៩ លានដុល្លារ កាលពីឆ្នាំ ២០២៤។ រដ្ឋាភិបាលអាមេរិក បានវាយតម្លៃថា ការទិញយកនេះមានភស្តុតាងគ្រប់គ្រាន់ ដែលប៉ះពាល់ដល់សន្តិសុខជាតិ។ តាមបញ្ជារដ្ឋបាលថ្មី ក្រុមហ៊ុន HieFo ត្រូវបានហាមឃាត់មិនឲ្យបន្តកាន់កាប់ ឬប្រើប្រាស់ទ្រព្យសម្បត្តិ និងបច្ចេកវិទ្យាដែលបានទិញនោះទៀតឡើយ ហើយត្រូវដកហូត ឬលក់ចេញវិញក្នុងរយៈពេល ១៨០ ថ្ងៃ ក្រោមការត្រួតពិនិត្យរបស់ គណៈកម្មាធិការត្រួតពិនិត្យវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS)។
អ្នកវិភាគមើលឃើញថា វិធានការនេះជាផ្នែកមួយនៃនយោបាយរឹតបន្តឹងរបស់អាមេរិក ដើម្បីការពារបច្ចេកវិទ្យាសំខាន់ៗ ជាពិសេសវិស័យឈីប ដែលត្រូវបានចាត់ទុកថាជាចំណុចស្នូលនៃសន្តិសុខជាតិ និងការប្រកួតប្រជែងសេដ្ឋកិច្ច ជាមួយប្រទេសចិន។
សកម្មភាពនេះក៏បន្ថែមភាពតានតឹងក្នុងទំនាក់ទំនងបច្ចេកវិទ្យារវាងអាមេរិក និងចិន ខណៈដែលវ៉ាស៊ីនតោនបន្តដាក់កម្រិតលើការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាដែលមានភាពរសើបខ្ពស់។








