Tyson Fury បានប្រកាសថា នឹងវិលត្រឡប់មកប្រដាល់វិញ ជាមួយជំហរសងសឹក Oleksandr Usyk

05-01-2026 09:42

(ឡុងដ៏)៖ កីឡាករប្រដាល់សកលអង់គ្លេសអាយុ ៣៧ឆ្នាំ Tyson Fury បានប្រកាសថា នឹងវិលត្រឡប់មកប្រដាល់វិញក្នុងឆ្នាំ២០២៦ នេះ បន្ទាប់ពីបានសម្រេចចិត្តចូលនិវត្តន៍កាលពីខែធ្នូ ឆ្នាំ២០២៤ ក្រោយចាញ់លើកទី២ ក្រោមស្នាដៃរបស់ Oleksandr Usyk ។

ការរំពឹងទុកអំពីការវិលត្រឡប់មកវិញនេះ គឺបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពី Fury បានបង្ហាញវីដេអូរបស់គាត់កំពុងហ្វឹកហាត់នៅប្រទេសថៃ ជាមួយអ្នកប្រដាល់អាហ្វ្រិកខាងត្បូង Kevin Lerena លើបណ្តាញសង្គម ។

សូមជម្រាបផងថា Tyson Fury ជាអ្នកប្រដាក់សកលទម្ងន់ធ្ងន់ម្នាក់មានកម្ពស់ ២០៦ម៉ែត្រ ធ្លាប់ឡើងសង្វៀនបាន ៣៧ដង ក្នុងនោះយកឈ្នះ ៣៤ដង ផ្តួលដៃគូបោះបង់ការប្រកួត ២៤ដង ចាញ់ ២និងស្មើ១ ជាអតីតម្ចាស់ខ្សែក្រវ៉ាត់កម្រិត WBC, IBF, WBO ។

ជាមួយការវិលត្រលប់នេះ Fury បាននិយាយ ដោយបើកចំហអំពីការចង់សងសឹកចំពោះ Usyk ដែលបច្ចុប្បន្នកាន់ខ្សែក្រវាត់ WBA (Super), WBC និង IBF ។ ផ្លូវមួយដែលអាចកើតមានទៅកាន់ការប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ពិភពលោកវិញនោះ ក៏អាចជាការប្រកួតក្នុងស្រុកជាមួយ Fabio Wardley ដែលជាម្ចាស់ជើងឯក WBO បច្ចុប្បន្ន ៕