ធនាគារ កាណាឌីយ៉ា ដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទដៃថ្មីមានលក្ខណៈកាន់តែប្រសើរ
05-01-2026 09:50
(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជក្នុងស្រុកធំជាងគេរបស់ប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរសព្ទដៃជំនាន់ថ្មី។ កម្មវិធីទូរសព្ទដៃ Canadia Bank App ជំនាន់ថ្មីនេះ ត្រូវបានបង្កើតឡើងដោយក្រុមការងារផ្នែកឌីជីថល និងបច្ចេកវិទ្យារបស់ធនាគារផ្ទាល់ ដែលផ្តល់នូវបទពិសោធន៍ធនាគារបែបឌីជីថលថ្មី ងាយស្រួលប្រើប្រាស់ និងឆ្លាតវៃជាងមុន ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការដ៏វិវត្តន៍របស់អតិថិជន។
ការដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីនេះ បានឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ចំពោះនវានុវត្តន៍ ការលើកកម្ពស់អតិថិជន និងការគាំទ្ររបស់ធនាគារ ក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ឲ្យឆ្ពោះទៅរកសេដ្ឋកិច្ចមួយដែលមិនពឹងផ្អែកលើសាច់ប្រាក់ និងសេដ្ឋកិច្ចឌីជីថល។
បទពិសោធន៍បែបទំនើប ផ្ទាល់ខ្លួន និងបច្ចេកវិទ្យាឈានមុខគេ
កម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីនេះមានលក្ខណៈ ទំនើប និងងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអតិថិជនកំណត់ដំណើរប្រតិបត្តិការធនាគារបែបឌីជីថលបានដោយខ្លួនឯង។ កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការគ្រប់គ្រងគណនីប្រចាំថ្ងៃមានភាពសាមញ្ញ ផ្តល់ជូននូវទម្រង់រូបរាងដែលអាចប្ដូរតាមចំណង់ចំណូលចិត្ត និងភ្ជាប់ជាមួយវិធានការសុវត្ថិភាពកម្រិតខ្ពស់។ មុខងារប្រសើរឡើងដូចជាការចូលដោយការផ្ទៀងផ្ទាត់ជីវមាត្រ (Biometric Login) ការជូនដំណឹងប្រតិបត្តិការផ្សេងៗតាមពេលវេលាជាក់ស្តែង និងតម្រងប្រតិបត្តិការដ៏ទូលំទូលាយ ផ្តល់ឱ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងដោយខ្លួនឯង ភាពងាយស្រួល និងទំនុកចិត្តកាន់តែច្រើន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះការរចនាដែលផ្តោតលើអ្នកប្រើប្រាស់ និងនវានុវត្តឌីជីថល។ លក្ខណៈពិសេសសំខាន់មួយទៀតគឺការបើកគណនីដោយខ្លួនឯងភ្លាមៗក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ជាមួយនឹងអត្តសញ្ញាណបណ្ណដែលមានសុពលភាព ដែលជួយសន្សំសំចៃពេលវេលារបស់អតិថិជនក្នុងការអញ្ជើញទៅសាខាដោយផ្ទាល់។
សេវាកម្មធនាគារដ៏រលូន រហ័ស និងមានទំនុកចិត្ត
នាពេលបច្ចុប្បន្ន អតិថិជនអាចរីករាយជាមួយការផ្ទេរប្រាក់តាមធនាគារកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុនតាមរយៈការផ្ទេរប្រាក់ក្នុងស្រុកដ៏រហ័ស រួមទាំងការទូទាត់ KHQR តាមរយៈបាគង ការផ្ទេរប្រាក់ពីគណនីទៅគណនី និងការផ្ទេរប្រាក់តាមលេខទូរស័ព្ទ ក៏ដូចជាការផ្ទេរប្រាក់អន្តរជាតិតាមរយៈប្រព័ន្ធ SWIFT និង MoneyGram។ កម្មវិធីទូរសព្ទដៃថ្មីនេះ ក៏គាំទ្រការទូទាត់វិក្កយបត្រយ៉ាងងាយស្រួលជាមួយនឹងការស្កេនវិក្កយបត្រ គំរូ (Template) ដែលបានរក្សាទុកសម្រាប់ការទូទាត់ជាប្រចាំ និងសមត្ថភាពគ្រប់គ្រងបណ្ណពេញលេញ។ ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាពដ៏រឹងមាំ ការជូនដំណឹងតាមពេលវេលាជាក់ស្តែង និងការការពារទិន្នន័យកាន់តែប្រសើរឡើង កម្មវិធីទូរសព្ទដៃថ្មីនេះផ្តល់នូវបទពិសោធន៍ឌីជីថលដ៏រលូន និងទំនុកចិត្តខ្ពស់ ដែលស្តែងចេញនូវកិត្តិនាមដ៏ល្បីល្បាញយូរអង្វែងរបស់ធនាគារ កាណាឌីយ៉ា ទៅលើភាពជឿជាក់ និងសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា។
ការផ្តល់រង្វាន់ និងការចូលរួមសម្រាប់អតិថិជន
កម្មវិធីទូរសព្ទដៃថ្មីនេះ បានណែនាំប្រព័ន្ធអេកូឡូស៊ីរង្វាន់ដែលផ្តល់ជូនអតិថិជននូវរង្វាន់ជាក់ស្តែងតាមរយៈ CanaPoints ដែលរកបានពីសកម្មភាពជាច្រើន ដូចជាការទូទាត់តាមរយៈ Canadia KHQR ការបញ្ចូលសមតុល្យទូរសព្ទ ការទូទាត់វិក្កយបត្រ និងការផ្ទេរប្រាក់ជាដើម។ អតិថិជនអាចប្តូរយកពិន្ទុទាំងនេះសម្រាប់ការផ្តល់ជូនផ្តាច់មុខពីអាជីវករ ឬប្តូរពិន្ទុទាំងនោះទៅជាការបញ្ចូលសមតុល្យទូរសព្ទ ដែលបង្កើតបទពិសោធន៍ធនាគារដ៏មានអត្ថប្រយោជន៍ និងប្រកបដោយអន្តរសកម្ម។
លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានចែករំលែកថា៖ «ការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីរបស់យើង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃដំណើរការបរិវត្តកម្មឌីជីថលរបស់ធនាគារ។ យើងខ្ញុំកំពុងធ្វើទំនើបកម្មវេទិកាឌីជីថលរបស់យើងខ្ញុំ ក៏ដូចជាការពង្រឹងបទពិសោធន៍របស់អតិថិជនឲ្យកាន់តែប្រសើរ និងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលឱ្យកាន់តែរឹងមាំ ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។ កម្មវិធីទូរសព្ទដៃថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងរយៈពេលវែងរបស់យើងខ្ញុំចំពោះភាពរហ័សរហួន នវានុវត្តន៍ និងការផ្តោតលើអតិថិជនជាចម្បង ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផល និងសេវាកម្មដ៏ល្អបំផុត ដែលធ្វើឱ្យការប្រើប្រាស់សេវាកម្មធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការី និងដៃគូរបស់យើង ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបាននូវគោលដៅដ៏សំខាន់មួយនេះ»។
លោក ជឹម ប៉ូលី នាយកសេវាធនាគារឌីជីថល នៃធនាគារ កាណាឌីយ៉ា បានបន្ថែមថា៖ «កម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីនេះ ស្តែងឲ្យឃើញពីការបន្តអភិវឌ្ឍឥតឈប់ឈររបស់យើងខ្ញុំសម្រាប់ឧត្តមភាពឌីជីថល។ រាល់ការធ្វើបច្ចុប្បន្នភាព លក្ខណៈពិសេសផ្សេងៗ និងការសម្រេចចិត្តទៅលើការរចនា គឺសុទ្ធតែឆ្លើយតបទៅតាមមតិយោបល់កែលម្អរបស់អតិថិជន និងស្តង់ដារនៃប្រើប្រាស់ទំនើបរបស់កម្មវិធីទូរសព្ទដៃ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដែលអតិថិជនអាចរំពឹងថានឹងមានការកែលម្អបន្ថែម សេវាកម្មធនាគារ និងនវានុវត្តន៍ថ្មីៗជាបន្តបន្ទាប់នាពេលប៉ុន្មានខែខាងមុខ។ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកឱ្យទាញយកកម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មី ដែលមាននៅលើ Apple Store Google Play Store និង Huawei App Gallery ជាដើម»។
ការដាក់ឱ្យដំណើរការនេះ ភ្ជាប់មកជាមួយនឹងរង្វាន់ដ៏ពិសេសៗ និងការផ្តល់ជូនមានកំណត់ជាច្រើន សម្រាប់អតិថិជនដែលចាប់ផ្តើមប្រើប្រាស់កម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មី។ ទាញយកកម្មវិធីទូរសព្ទដៃថ្មីថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍សេវាកម្មធនាគារដ៏រលូន និងទទួលបាននូវអត្ថប្រយោជន៍ផ្តាច់មុខដែលត្រូវបានបង្កើតឡើងសម្រាប់លោកអ្នក៕



