BYD វ៉ាដាច់ Telsa ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ប្រចាំឆ្នាំ២០២៥
05-01-2026 10:03
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានវ៉ាដាច់ក្រុមហ៊ុនអាមេរិក Tesla ក្លាយជាអ្នកលក់រថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០២៥។ ប្រការនេះត្រូវបានគេមើលឃើញថា ជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងការប្រណាំងផ្នែករថយន្តអគ្គិសនីទូទាំងពិភពលោក។
BYD រាយការណ៍ពីការចែកចាយរថយន្តបានចំនួន ២.២៦លានគ្រឿងនៅឆ្នាំ២០២៥ ដែលជាការកើនឡើងជិត ២៨% ពីឆ្នាំមុន ដែលជំរុញដោយតម្រូវការខ្លាំងនៅក្នុងប្រទេសចិន និងការពង្រីកយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារក្រៅប្រទេស។ ងាកមក Tesla បានចែកចាយរថយន្តចំនួន ១.៦៤លានគ្រឿង ដែលជាការធ្លាក់ចុះ ៨% និងជាការធ្លាក់ចុះប្រចាំឆ្នាំជាប់ៗគ្នាលើកទីពីរ ខណៈដែលក្រុមហ៊ុននេះ ប្រឈមនឹងការប្រកួតប្រជែងកើនឡើង, ភាពចម្រូងចម្រាសនយោបាយ និងការលុបចោលបន្តិចម្តងៗនៃឥណទានពន្ធរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា ការផ្លាស់ប្តូរនេះបង្ហាញពីរបៀបដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន កំពុងផ្លាស់ប្តូររូបរាងឧស្សាហកម្មរថយន្តសកល និងការប្រកួតប្រជែងជាមួយអ្នកដឹកនាំទីផ្សារយូរអង្វែង៕












