ព្រះខ័នរាជ របូតកៅអីកំពូលតារាង ក្រោយចាញ់វិសាខា ខណៈភ្នំពេញក្រោន ឡើងមកជំនួសដោយមានប្រៀបជាង ១ប្រកួតក្នុងដៃ
05-01-2026 10:57
(ភ្នំពេញ)៖ កៅអីកំពូលតារាង នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ត្រូវបានផ្លាស់ប្ដូរពីព្រះខ័នរាជស្វាយរៀង មកភ្នំពេញក្រោន ជាបណ្ដោះអាសន្ន នៅត្រឹមសប្ដាហ៍ទី១៥ បន្ទាប់ពីក្រុមការពារតំណែងជើងឯក បានចាញ់វិសាខា ២-១ លើទឹកដីរបស់ខ្លួន កាលពីថ្ងៃអាទិត្យកន្លងទៅ។ មិនតែប៉ុណ្ណោះ ភ្នំពេញក្រោន ក៏មានប្រៀបជាង ដោយសល់ ១ប្រកួតក្នុងដៃ ទោះបីមាន ៣៣ពិន្ទុស្មើគ្នាជាមួយព្រះខ័នរាជស្វាយរៀងក៏ដោយ។
ក្រោយធ្វើមិនសូវបានល្អនាប្រកួតកន្លងមក វិសាខា មិនត្រូវបានអ្នកគាំទ្ររំពឹងខ្ពស់ថា អាចយកឈ្នះព្រះខ័នរាជស្វាយរៀង បានឡើយ ។ ផ្ទុយពីការគិតនេះ ទោះបីពួកគេ អវត្តមានកីឡាករបរទេស ២រូប គឺ Jagodinskis Vitalijs និង Nana Kwame ដែលរងពិន័យកាតក្រហមយ៉ាងណាក្ដី តែពួកគេបានបង្ហាញទម្រង់លេងយ៉ាងល្អ រហូតអាចវាយបកឈ្នះព្រះខ័នរាជស្វាយរៀង ចំពោះអ្នកទស្សនាផ្ទាល់ជាង ២ពាន់នាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ជំនួបដ៏តានតឹងនេះ ខ្សែការពារ សារ៉េត គ្រីយ៉ា បានតែតបញ្ចូលទីគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ១គ្រាប់មុន នៅនាទី១៩ តែប្រមាណ ១០នាទីក្រោយមក វិសាខា ក៏វាយបកបាន ២គ្រាប់ភ្លាម ដោយកីឡាករ លឹម ពិសុទ្ធ នៅនាទី២៧ និងកីឡាករ Park Jungbin នៅនាទី២៩ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយព្រះខ័នរាជស្វាយរៀង បានត្រឹមខកចិត្ត ដ្បិតខំប្រឹងវាយបក និងបង្កើតឱកាសជាច្រើន តែធ្វើមិនបានសម្រេច។ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រៅដី ២-០។
ការបន្ដបរាជ័យជាលើកទី៣ ក្នុងរដូវកាលនេះ បានធ្វើឲ្យក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង របូតកៅអីកំពូលតារាង ដោយធ្លាក់មកឈរលេខ២ និងរក្សា ៣៣ពិន្ទុក្នុងដៃ ខណៈភ្នំពេញក្រោន បានឡើងឈរកំពូលតារាងជំនួសវិញ ដោយមាន ៣៣ពិន្ទុស្មើគ្នា តែក្រុមសិង្ហក្រហម មានប្រៀបជាងគេ ដោយសារប្រវត្តិជួបគ្នា កាលពីជើងទី១ ភ្នំពេញក្រោន ឈ្នះព្រះខ័នរាជស្វាយរៀង ៣-២ ។ មិនតែប៉ុណ្ណោះ ភ្នំពេញក្រោន ក៏មានប្រៀប ដោយចំណេញសល់ ១ប្រកួតក្នុងដៃទៀតផង។
ការហក់ឡើងឈរកំពូលតារាងជំនួសតំណែងព្រះខ័នរាជស្វាយរៀង នៅត្រឹមសប្ដាហ៍ទី១៥ នេះដែរ បន្ទាប់ពីភ្នំពេញក្រោន បានយកឈ្នះក្រុមភ្ញៀវឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ៣-០ ដំណាលគ្នា កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។ ៣គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករ អៀម រតនា នៅនាទី៧១, Dyer Moses នៅនាទី៨៨ និង Andres Nieto នៅនាទី៩០+១ ខណៈកាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះឡាយហ្វខេត្តព្រះសីហនុ ក្រៅដី ៣-២។
ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលការប្រកួត ៣គូផ្សេងទៀតវិញ ក៏សុទ្ធតែបញ្ចប់ដោយភាពទាក់ទាញផងដែរ ដូចជាក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា វិញ ៣-០ ក្រោយរងបរាជ័យ ២-១ កាលពីជើងទី១ ។ រីឯក្រុមបឹងកេត ដែលស្មើកងយោធពលខេរមភូមិន្ទ ១-១ កាលពីជើងទី១ គឺបានយកឈ្នះយ៉ាងចាស់ដៃ ៦-០ លើក្រុមម្ចាស់ផ្ទះ នៅកីឡដ្ឋានស្ដាតចាស់ គ្រាដែលក្រុម អាយអាយអេ ដង្កោសែនជ័យ បានប្រកួតស្មើអង្គរថាយហ្គឺរ ២-២ លើទឹកដីរបស់ខ្លួន ក្រោយរងបរាជ័យ ៨-០ កាលពីជើងទី១ នៅទឹកដីខេត្តសៀមរាប៕










