Gonzalo ស៊ុត ៣គ្រាប់ជាស្ថិតិដំបូង តែក្រុម Real ក៏នៅតែចាញ់ប្រៀប Barca

05-01-2026 12:22

(ម៉ាឌ្រីត)៖ ការប្រកួតលីគអេស្ប៉ាញ La Liga រដូវកាលនេះ ក្រុមអធិរាជស Real Madrid រកបានលទ្ធផលឈ្នះយ៉ាងចាស់ដៃលើក្រុម Real Betis ៥-១ ក្នុងប្រកួតទី១៩ ជាមួយការស៊ុតបាន ៣គ្រាប់របស់ Gonzalo Garcia នឹងជាការស៊ុតបាន (Hat-Trick) លើកដំបូងរបស់រូបគេក្នុងលីគអេស្ប៉ាញ ។

ក្រុម Real Madrid ដឹកនាំដោយលោក Xabi Alonso នៅតែចាញ់ប្រៀប FC Barcelona ៤ពិន្ទុក្នុងតំណែងកំពូលតារាងបណ្តោះអាសន្នដោយមាន ៤៥ពិន្ទុឈរលេខ២ នឹងទើបចាញ់ ២ប្រកួតដូចគ្នាក្រោយឆ្លងកាត់ ១៩ប្រកួតមកនេះ ។

ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Gonzalo Garcia បានចូលលេងក្នុងការប្រកួតដែលគ្មានវត្តមាន Kylian Mbappe ដោយសារបញ្ហារបួស ហើយ ៣គ្រាប់របស់រូបគេបានកើតឡើង ក្រោយការស៊ុតបើកឆាកជាមួយនឹងការតែតបាល់បញ្ចូលទីនៅនាទី២០ និងបានបន្ថែមការនាំមុខជាមួយនឹងការស៊ុតបញ្ចូលទីដ៏អស្ចារ្យនៅដើមតង់ទីពីរ ខណៈ ១គ្រាប់ចុងក្រោយរកបាននៅនាទី៨២ ។

Raul Asencio ក៏បានតែតបាល់បញ្ចូលទីមួយគ្រាប់ផងដែរ ប៉ុន្តែក្រុម Betis បានវាយបកមួយគ្រាប់វិញដោយកីឡាករ Cucho Hernandez ដ្បិតកូនក្រុមលោក Alonso កីឡាករ Fran Garcia ក៏រកបានបន្ថែមនៅនាទី៩០+៣ ហើយក្រុមដឹកនាំដោយលោក Manuel Pellegrini នៅតែមាន ២៨ពិន្ទុឈរលេខ៦ ក្នុងតារាងបណ្តោះអាសន្ន ដ្បិតឱកាសយក ៣ពិន្ទុបន្ថែមរបស់ពួកគេនោះ គឺការលេងទល់ក្រុមបាតតារាង Real Oviedo ។

សូមជម្រាបផងថា ប្រកួតបន្ទាប់ក្រុម Real Madrid នឹងលេងទល់ដៃគូសំខាន់ប្រចាំទីក្រុងម៉ាឌ្រីត គឺក្រុម Atletico Madrid នៅថ្ងៃទី០៩ ខែមករានេះ ក្នុងពានរង្វាន់ Spanish Super Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពេលក្រុម FC Barcelona ប៉ះក្រុម Athletic Bilbao ។ ដ្បិតក្រុមលោក Xabi Alonso កំពុងមានស្ថិតិលេង ៤ប្រកួតមិនចាញ់ជាប់ៗគ្នាផងដែរ ។

របួស Mbappe ក៏បានធ្វើឱ្យខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បានអង្គុយនៅខាងក្រៅការប្រកួតលើកដំបូងរបស់ក្រុមម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦ នេះ ដោយសារតែបញ្ហាជង្គង់ ក៏ប៉ុន្តែការទទួលបានជម្រើសបង្ហាញខ្លួនរបស់ Gonzalo បានរួមចំណែកយ៉ាងខ្លាំងដល់ក្រុម ពីការបន្សល់ទុកស្នាដៃជាការកត់សម្គោលមួយសម្រាប់ក្រុមនាពេលនេះ ។

នេះក៏ជាការស៊ុតបាន ៣គ្រាប់លើកដំបូងក្នុងលីគអេស្ប៉ាញរដូវកាលនេះរបស់ Gonzalo ជាមួយក្រុម Real Madrid បន្ទាប់ពីលេងនៅព្រឹត្តិការណ៍ FIFA Club World Cup 2025 រូបគេឈរក្នុងនាមអ្នកស៊ុតបាន ៤គ្រាប់ច្រើនជាងគេរួមគ្នាជាមួយ Angel Di Maria, Serhou Guirassy និង Marcos Leonardo ៕