ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីវ៉ូវីណាម បន្ដនាំជំនួយជួយជនភៀសសឹក
05-01-2026 12:27
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីរបស់សហព័ន្ធកីឡាវ៉ូវីណាកម្ពុជា ដឹកនាំដោយលោក អ៊ូ រតនា ប្រធានសហព័ន្ធ កាលពីថ្ងៃអាទិត្យកន្លងទៅ បានអមដំណើរលោក លី សុធា រដ្ឋលេខាធិកាក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសប្បុរសជន នាំយកអំណោយសប្បុរសធម៌ បរិច្ចាគជួយដល់ពលរដ្ឋភៀសសឹកចំនួន ៣០០គ្រួសារ ស្ថិតនៅជំរុំភៀសសឹក អូអំបិល ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
លោក អ៊ូ រតនា បានឲ្យដឹងថា អំណោយសប្បុរសធម៌ ដែលនាំយកជួយដល់ប្រជាពលរដ្ឋ នៅជំរុំភៀសសឹកខាងលើ រួមមានគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួន ដែលសហព័ន្ធទទួលបានការបរិច្ចាគពីសប្បុរសជននានា សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៣០០គ្រួសារ ដែលស្ថិតនៅតំបន់ក្រហម មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់វិញ។
គួរដឹងថា ក្រោយមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកៀរគរមូលនិធិ និងជំនួយសប្បុរសធម៌ សម្រាប់ជួយដល់បងប្អូនជនភៀសសឹក ក៏ដូចជាការផ្ដល់កម្លាំងចិត្ត និងការគាំទ្រដល់វីរកងទ័ពជួរមុខ ហើយកន្លងមកក្រុមកីឡាវ៉ូវីណាមកម្ពុជា ដឹកនាំដោយលោក អ៊ូ រតនា ក៏បាននាំយកអំណោយជាច្រើន ប្រគល់ជូនដល់អាជ្ញាធរ នៅមូលដ្ឋានខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ សម្រាប់ចែកជូនដល់ពលរដ្ឋរងគ្រោះ ក្នុងគ្រាលំបាកនេះផងដែរ៕












