Xiaomi បង្កើតប្រវត្តិសាស្ត្រថ្មី! លក់រថយន្តអគ្គិសនីដាច់ជាង ៤០ម៉ឺនគ្រឿង ត្រឹមរយៈពេលដ៏ខ្លី
05-01-2026 14:13
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Xiaomi បានបង្កើតសមិទ្ធផលដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងឧស្សាហកម្មយានយន្ត ដោយសម្រេចបាននូវការចែកចាយរថយន្តអគ្គិសនី (EV) សរុបលើសពី ៤០០,០០០ គ្រឿង គិតត្រឹមដំណាច់ឆ្នាំ ២០២៥។ ជោគជ័យដ៏មហិមានេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនទើបតែបានឈានជើងចូលទីផ្សាររថយន្តបានត្រឹមតែ ១ ឆ្នាំ និង ៨ ខែប៉ុណ្ណោះ ដែលវាបានផ្លាស់ប្តូររូបភាព Xiaomi ពីអ្នកផលិតស្មាតហ្វូន មកជាមហាអំណាចថ្មីក្នុងពិភពរថយន្តអគ្គិសនីយ៉ាងរហ័ស។ នេះបើយោងតាមការចេញផ្សាយដោយ ArenaEV និងសារព័ត៌មានបច្ចេកវិទ្យាធំៗ។
ភាពជោគជ័យនេះ បានរុញច្រានដោយប្រជាប្រិយភាពនៃរថយន្ត Sedan ម៉ូដែល SU7 និងកំណើនលក់យ៉ាងគំហុកនៃរថយន្ត SUV ថ្មីម៉ូដែល YU7 ដែលជាគូប្រជែងផ្ទាល់របស់ Tesla Model Y។ ពាក់ព័ន្ធនឹងសមិទ្ធផលនេះ លោក Lei Jun នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Xiaomi បានប្រកាសដោយមោទនភាពក្នុងបទបង្ហាញចុងក្រោយថា ត្រឹមតែ ៦ ខែក្រោយការដាក់លក់ រថយន្ត SUV ម៉ូដែល YU7 សម្រេចបាននូវការចែកចាយដល់ទៅ ១៥០,០០០ គ្រឿង បាត់ទៅហើយ ដែលនេះសបញ្ជាក់ពីទំនុកចិត្តដ៏ខ្លាំងក្លារបស់អ្នកប្រើប្រាស់មកលើបច្ចេកវិទ្យារបស់ Xiaomi។
សម្រាប់ជំហានបន្ទាប់ក្នុងឆ្នាំ ២០២៦ Xiaomi គ្រោងនឹងវាយលុកទីផ្សារបន្ថែមជាមួយម៉ូដែលថ្មីចំនួន ២ ដែលប្រើបច្ចេកវិទ្យា EREV (មានម៉ាស៊ីនសាំងជំនួយការសាកអាគុយ) ដើម្បីជួយឱ្យអ្នកបើកបរអាចធ្វើដំណើរបានឆ្ងាយជាងមុនដោយមិនបារម្ភរឿងអស់ថាមពល។ លើសពីនេះ ក្រុមហ៊ុនក៏កំពុងត្រៀមខ្លួនឆ្ពោះទៅកាន់ទីផ្សារ អឺរ៉ុបនៅឆ្នាំ ២០២៧ ដោយបច្ចុប្បន្នកំពុងធ្វើការសាកល្បងយ៉ាងម៉ត់ចត់នៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីធានាឱ្យបាននូវស្តង់ដារសុវត្ថិភាព និងការបើកបរលំដាប់ពិភពលោក។
គួរជម្រាបថា ដើម្បីទ្រទ្រង់ដល់កំណើនលក់នេះ Xiaomi បានពង្រីកវត្តមានរបស់ខ្លួនយ៉ាងរហ័ស ដោយគិតត្រឹមដំណាច់ឆ្នាំ ២០២៥ ក្រុមហ៊ុនមាន ហាងលក់រាយចំនួន ៤៧៧ កន្លែង គ្របដណ្ដប់លើ ១៣៨ ក្រុងក្នុងប្រទេសចិន រួមទាំងមាន មជ្ឈមណ្ឌលសេវាកម្មចំនួន ២៦៤ កន្លែង សម្រាប់ជួយដល់ការជួសជុល និងថែទាំ។ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃដូចស្មាតហ្វូន ជាមួយនឹងតម្លៃប្រកួតប្រជែង និងបណ្តាញលក់ស្ទើរគ្រប់ទិសទី Xiaomi កំពុងបង្ហាញពិភពលោកថា ខ្លួនមិនត្រឹមតែជាអ្នកផលិតទូរស័ព្ទនោះទេ ប៉ុន្តែគឺជា «ខ្លា» ដ៏មានឥទ្ធិពលក្នុងវិស័យរថយន្តអគ្គិសនីដែលក្រុមហ៊ុនល្បីៗមិនអាចមើលរំលងបានឡើយ៕















