Man United ដកតំណែង Amorim ខណៈជម្រើសគ្រូថ្មីមិនទាន់មានការសម្រេចច្បាស់ពីប្រធានក្លឹប

06-01-2026 09:40

(ឡុងដ៏)៖ លោក Ruben Amorim ពេលនេះត្រូវបានក្លឹប Manchester United សម្រេចដកតំណែងចេញហើយក្រោយកាន់តំណែងអ្នកចាត់ការនេះបាន ១៤ខែជាមួយភាពច្របូកច្របល់ ដែលការសម្រេចនេះធ្វើឡើងក្រោយក្រុមលេងស្មើជាមួយ Leeds United ១-១ ក្នុងសប្តាហ៍ទី២០ នៃលីគអង់គ្លេស Premier League រដូវកាលនេះ។

ក្លឹបបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយសារក្រុម Manchester United ឈរនៅលេខរៀងទី៦ នៅក្នុងក្របខ័ណ្ឌ Premier League ថ្នាក់ដឹកនាំរបស់ក្លឹបបានធ្វើការសម្រេចចិត្តដោយស្ទាក់ស្ទើរ តែនេះជាពេលវេលាត្រឹមត្រូវដើម្បីធ្វើការផ្លាស់ប្តូរ នោះនឹងផ្តល់ឱ្យក្រុមនូវឱកាសដ៏ល្អបំផុតនៃការបញ្ចប់ក្នុងក្របខ័ណ្ឌ Premier League ខ្ពស់បំផុត»

បច្ចុប្បន្នក្លឹបតែងតាំង Darren Fletcher ជាគ្រូបង្វឹកបណ្តោះអាសន្ន ជាមួយនឹងជម្រើសអ្នកចាត់ការថ្មីនៅមិនទាន់បានសម្រេចជាផ្លូវការក្នុងផ្លាស់ប្តូរពីប្រធានក្លឹបនោះទេ ខណៈអ្នកដែលត្រូវបានចាត់ទុកថា ជាជម្រើសមានសក្តានុពលខ្លាំងបច្ចុប្បន្នរួមមានលោក Gareth Southgate អតីតអ្នកចាត់ការក្រុមអង់គ្លេស និងលោក Mauricio Pochettino គ្រូបង្វឹកក្រុមសហរដ្ឋអាមេរិក។

ហើយលោក Xavi អតីតគ្រូបង្វឹកក្រុម Barcelona ក៏មានការបើកចំហចំពោះតួនាទីនេះ ប៉ុន្តែភាសាអង់គ្លេសរបស់គាត់នៅមានកម្រិត និងកង្វះបទពិសោធន៍ដឹកនាំក្រុមកម្រិតប្រកួតប្រជែងខ្ពស់ ដោយមានន័យថាគាត់អាចត្រូវបានច្រានចោលលើលក្ខខណ្ឌមួយចំនួននេះ។

សូមជម្រាបផងថា Amorim បានដឹកនាំក្រុមឈ្នះពាន Premier League ១៣ដងច្រើនជាងគេនេះ រកបានលទ្ធផលឈ្នះតែ ២៤លើកពីការលេង ៦៣ប្រកួត ចាញ់ ២១ដង និងស្មើ ១៨ប្រកួត ជាមួយឱកាសឈានទៅរងជើងឯក UEFA Europa League 2024-25៕