Amazon ចាញ់ក្តីរឿងដំឡើងថ្លៃទំនិញកប់ពពកអំឡុងពេលរាតត្បាតកូវីដ
06-01-2026 10:05
(បរទេស)៖ នៅថ្ងៃចន្ទម្សិលមិញនេះ ចៅក្រមសហរដ្ឋអាមេរិកម្នាក់បានសម្រេចទាត់ចោលសំណើរបស់ក្រុមហ៊ុន Amazon ក្នុងការសុំឱ្យទម្លាក់ចោលពាក្យបណ្តឹងសមូហភាពមួយ ដែលបានចោទប្រកាន់ក្រុមហ៊ុនលក់ទំនិញតាមអនឡាញខ្នាតយក្សនេះថា បានដំឡើងថ្លៃទំនិញហួសហេតុ (Price Gouging) ក្នុងអំឡុងពេលមានវិបត្តិជំងឺរាតត្បាតកូវីដ-១៩។
លោក Robert Lasnik ចៅក្រមប្រចាំតំបន់នៅទីក្រុងសៀថល (Seattle) បានបដិសេធការលើកឡើងរបស់ Amazon ដែលថា ច្បាប់ការពារអ្នកប្រើប្រាស់របស់រដ្ឋវ៉ាស៊ីនតោន មានភាពស្រពិចស្រពិល ឬមិនគ្របដណ្តប់លើសកម្មភាពដំឡើងថ្លៃរបស់ខ្លួន។ លោកចៅក្រមបានកត់សម្គាល់ថា ដោយសារកង្វះខាតទំនិញ និងវិធានការសុខាភិបាលសាធារណៈនាពេលនោះ បានធ្វើឱ្យអតិថិជន «គ្មានជម្រើសអ្វីក្រៅពីទិញទំនិញពី Amazon បើទោះបីជាតម្លៃត្រូវបានចោទថា មានភាពអយុត្តិធម៌ក៏ដោយ»។
ផ្អែកតាមពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់ បានបង្ហាញពីការដំឡើងថ្លៃយ៉ាងគំហុកលើទំនិញចាំបាច់មួយចំនួនដូចជា ថ្នាំបំបាត់ការឈឺចាប់ Aleve បានកើនតម្លៃឡើង ២៣៣%, ក្រដាសអនាម័យ Quilted Northern កើនឡើង ១,០៤៤%, ម្សៅ Baking Soda (Arm & Hammer) កើនឡើង ១,៥២៣% និងម៉ាស់ការពារមុខ កើនឡើងរហូតដល់ ១,៨០០%។
ក្រុមអ្នកប្តឹងបានចោទប្រកាន់ថា Amazon មិនត្រឹមតែបរាជ័យក្នុងការទប់ស្កាត់អ្នកលក់ដទៃទៀត (Third-party sellers) ពីការលក់ទំនិញក្នុងតម្លៃខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនខ្លួនឯងក៏បានដំឡើងថ្លៃទំនិញក្នុងស្តុកផ្ទាល់ខ្លួន ដើម្បី «កេងចំណេញលើអតិថិជនដែលកំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹម» ផងដែរ។
លោក Steve Berman មេធាវីតំណាងឱ្យភាគីដើមបណ្តឹង បានចាត់ទុកការសម្រេចចិត្តរបស់តុលាការនេះថាជា «ជ័យជម្នះដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់»។ លោកបានបន្ថែមថា ឯកសារផ្ទៃក្នុងរបស់ Amazon បានបង្ហាញថា ក្រុមហ៊ុនខ្លួនឯងដឹងច្បាស់ពីសកម្មភាពដំឡើងថ្លៃកេងចំណេញនេះ បើទោះបីជាធ្លាប់បានធានាអះអាងប្រាប់អគ្គមេធាវីរដ្ឋថា ខ្លួនកំពុងព្យាយាមទប់ស្កាត់វាក៏ដោយ។
ដោយឡែក មកទល់ពេលនេះ ខាងក្រុមហ៊ុន Amazon និងក្រុមមេធាវីការពារក្តី នៅមិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញករណីនេះនៅឡើយទេ។
បណ្តឹងនេះ កំពុងទាមទារសំណងការខូចខាតសម្រាប់អ្នកដែលបានទិញទំនិញក្នុងតម្លៃ «អយុត្តិធម៌» នៅលើវេទិកា Amazon ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដែលជាអំឡុងពេលរដ្ឋវ៉ាស៊ីនតោន និងរដ្ឋដទៃទៀតប្រកាសអាសន្នសុខភាពសាធារណៈ៕






