Spanish Super Cup 2026 តើនឹងបង្កើនរង្វាន់ខ្ពស់កម្រិតណាពី RFEF?

06-01-2026 10:23

(អេស្ប៉ាញ)៖ ពានរង្វាន់ Spanish Super Cup 2០26 កំពុងត្រៀមលេងដែលមាន ៤ក្រុមខ្លាំងៗមានដូចជា FC Barcelona, Real Madrid, Atletico Madrid និង Athletic Bilbao និងចាប់ផ្តើមលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងមុខនេះ ខណៈ FC Barcelona ជាក្រុមការពារជើងឯក២០២៥ ។

ខណៈនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានសម្រេចចិត្តបង្កើនរង្វាន់យ៉ាងច្រើន ដោយមានគោលបំណងផ្តល់ភាពពាក់ព័ន្ធកាន់តែច្រើនដល់ការប្រកួត និងលើកទឹកចិត្តក្រុមដែលចូលរួម ដែលឆ្នាំ២០២៥ ទឹកប្រាក់សរុប ២៣លានអឺរ៉ូត្រូវបានចែកចាយទៅកាន់ក្រុមដែលចូលរួម ។

ដែលលើកនេះនឹងត្រូវចែកចាយរវាងក្លឹប Barcelona, Real Madrid, Atletico Madrid និង Athletic Club ហើយការចែកចាយនឹងមិនដូចមុននោះទេ គឺក្លឹបនីមួយៗទទួលបានចំណែករបស់ខ្លួនទៅតាមពានរង្វាន់ដែលឈ្នះ បូករួមជាលទ្ធផលការប្រកួត និងតាមការគាំទ្រពីទស្សនាតាមទូរទស្សន៍ ដូច្នេះចំនួនទឹកប្រាក់នឹងប្រែប្រួលទៅតាមសមិទ្ធផលដែលមាន និងភាពជាក់ស្តែងថ្មីៗរបស់ក្រុមនីមួយៗ ។

សម្រាប់តួរលេខឆ្នាំ២០២៥ គឺមានភាពចម្រូងចម្រាសមួយចំនួនដោយក្រុម Real Madrid និង Barcelona ទទួលបាន ៦លានអឺរ៉ូក្នុងមួយក្រុម គ្រាដែលក្រុម Athletic Club ទទួលបាន ២លានអឺរ៉ូ និង Mallorca ៨៥០,០០០អឺរ៉ូ ។ ហើយលើសពីនេះ ក្រុមដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន ១លានអឺរ៉ូ នឹងក្រុមជើងឯកទទួលបាន ២លានអឺរ៉ូបន្ថែមទៀត។ ហើយស្ថិតក្នុងតួរលេខនេះក្រុម Athletic Club ថែមទាំងបានអំពាវនាវឲ្យមានការចែកចាយឱ្យស្មើភាពគ្នាជាងមុនក្នុងចំណោមអ្នកចូលរួមប្រកួតប្រជែងពាននេះ ។

ជាទូទៅពានរង្វាន់ Super Cup ជាពានរង្វាន់តំណាងឱ្យសហព័ន្ធ RFEF មានប្រាក់ចំណូលសរុបចំនួន ៥១.៩លានអឺរ៉ូ ដែលបានមកពីប្រភពសំខាន់ៗចំនួន៣ គឺការឧបត្ថម្ភ ២៧លានអឺរ៉ូ ការរៀបចំ និងការចូលរួម ១១.៥លានអឺរ៉ូ និងសិទ្ធិផ្សាយតាមទូរទស្សន៍ ១២.៦៩លានអឺរ៉ូ។

លើសពីនេះ ទឹកប្រាក់ប្រហែល ២៨លានអឺរ៉ូ ត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីបាល់ទាត់មិនមែនអាជីព ដែលផ្នែកមួយដើម្បីពង្រឹងផលប៉ះពាល់សេដ្ឋកិច្ចនៃការប្រកួតលើសពីក្លឹបដែលចូលរួម និងបង្ហាញពីរបៀបដែលពានរង្វាន់ Super Cup ផ្តល់អត្ថប្រយោជន៍ដល់គម្រោងអភិវឌ្ឍន៍ទាំងមូលនៃបាល់ទាត់អេស្ប៉ាញ ។

បើយោងតាមប្រភពពី សហព័ន្ធបាល់ទាត់រាជអេស្ប៉ាញ (RFEF) បានបញ្ជាក់អំពីរង្វាន់ដែលនឹងចែកចាយសម្រាប់ពានរង្វាន់ Spanish Super Cup 2026 ដោយសរុបមកក្រុមឈ្នះ នឹងទទួលបានប្រហែល ១០ លានអឺរ៉ូ ក្នុងចំណោម ២៣ លានអឺរ៉ូ ដែលត្រូវបានបែងចែកសម្រាប់អ្នកចូលរួមទាំង ៤ក្រុម។ ជាមួយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមករាខាងមុខនេះនៅឯពហុកីឡដ្ឋាន King Abdullah Sports City ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ៕