នីហ្សេរីយ៉ា ឆ្លងចូលវគ្គ ៨ក្រុម Afcon 2025 តាមរយៈទម្លាក់គូប្រជែងម៉ូហ្សំប៊ិក ដោយស្រួល ៤-០

06-01-2026 11:11

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា បានបន្តឆ្លងទៅវគ្គ ១/៤ នៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2025 ដែលមានម៉ារ៉ុកម្ចាស់ផ្ទះ ក្រោយពេលបំបាក់ម៉ូហ្សំប៊ិក ៤ទល់នឹង០ មិនឱ្យតដៃរួចយប់មិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមរហស្សនាម «ឥន្រ្ទីកំណាចអាហ្វ្រិក» (super eagles) បានឆ្លងផុតវគ្គ ១៦ក្រុមដោយស្រួលតែម្តង ដើម្បីរង់ចាំគូប្រកួតបន្ទាប់នៃវគ្គ ៨ក្រុមជាបន្តទៀតដែលអាចជាអាល់ហ្សេរី ឬក៏កុងហ្គោ ដែលពួកគេត្រូវលេងបញ្ចប់វគ្គ ១/៨ នារាត្រីថ្ងៃអង្គារនេះ ក្នុងការប្រកួតប្រជែងកៅអីលេងវគ្គចាញ់-ធ្លាក់បន្តនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

រយៈពេល ៩០នាទីដែលស្ថិតក្នុងកីឡដ្ឋាននៅទីក្រុង Fes ប្រទេសម៉ារ៉ុក ខ្សែប្រយុទ្ធមុតស្រួច Victor Osimhen បានបំប៉ោងសំណាញ់ទីត្រឹមរយៈពេលតែ ២នាទីប៉ុណ្ណោះ ក៏ប៉ុន្តែបាល់នោះ offside។ ពួកគេត្រូវរង់ចាំដល់នាទីទី២០ ទើបរកបានគ្រាប់នាំមុខជាថ្មី ពីការធ្វើបានដោយកីឡាករ Ademola Lookman មុនពេល Osimhen រកបាន ២គ្រាប់ម្នាក់ឯង។

Lookman ដែលត្រូវបានកោះហៅពីក្លឹបអ៉ីតាលី Atalanta បានបន្តបញ្ជូនបាល់ឱ្យ Adams សម្រេចគ្រាប់ទី៤ បន្ទាប់ពីបោះបាល់ឱ្យ Osimhen បញ្ចប់ទីគ្រាប់ទី២ របស់កីឡាករមកពីក្លឹប Galatasaray នៅនាទី៤៧ ដើម្បីបញ្ចប់បេសកកម្មរបស់ម៉ូហ្សំប៊ិក ដែលបានឆ្លងផុតវគ្គចែកពូលជាលើកដំបូងទាំងត្រដាបត្រដួស ជាមួយនឹងឱកាសលេងមុខទីនីហ្សេរីយ៉ាតិចតួចបំផុត។

Afcon ដែលលេងរៀងរាល់ ២ឆ្នាំម្តងចុងក្រោយនេះ បានរកឃើញ ៦ក្រុមហើយឡើងវគ្គ ៨ក្រុមដោយមានម៉ាលី ប៉ះសេណេហ្គាល់, កាមេរូន ជួបម្ចាស់ផ្ទះម៉ារ៉ុក, អេហ្ស៊ីប រង់ចាំជួបរវាងក្រុមឈ្នះកូដឌីវ័រ ឬក៏បូគីណេហ្វាសូ និងនីហ្សេរីយ៉ា រង់ចាំអាល់ហ្សេរី ឬក៏កុងហ្គោ៕