បិតាបង្កើត AI រិះគន់ចំៗលើលោក Alexander Wang មហាសេដ្ឋី AI វ័យក្មេងជាងគេ ថា «ខ្វះបទពិសោធន៍»
06-01-2026 11:20
(បរទេស)៖ លោក Yann Lecun ដែលជាអតីតប្រធានអ្នកវិទ្យាសាស្ត្រ AI របស់ក្រុមហ៊ុន Meta និងត្រូវបានគេស្គាល់ថាជា «បិតាបង្កើត AI ឬ godfather of AI» បានរិះគន់ចំៗទៅលើលោក Alexander Wang ប្រធានផ្នែក AI វ័យក្មេងរបស់ Meta ថា ជាមនុស្សដែលខ្វះបទពិសោធន៍ក្នុងការដឹកនាំការស្រាវជ្រាវ ជាពិសេសក្រោយពេលដែល Meta បានសម្រេចចិត្តផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន។
លោក Lecun បានលើកឡើងថា ទោះបីជាលោក Wang (សហស្ថាបនិក Scale AI វ័យ ២៩ ឆ្នាំ) ជាមនុស្សរៀនរហ័សក៏ដោយ ប៉ុន្តែលោកមិនមានបទពិសោធន៍ក្នុងការអនុវត្តការស្រាវជ្រាវ ឬយល់ដឹងពីអ្វីដែលអ្នកស្រាវជ្រាវចង់បាននោះទេ។ ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក Mark Zuckerberg បានបាត់បង់ទំនុកចិត្តលើក្រុមការងារចាស់ ក្រោយរឿងអាស្រូវនៃការបំប៉ោងសមត្ថភាពម៉ូឌែល Llama 4។
លើសពីនេះ លោក Lecun ក៏បានព្រមានផងដែរថា បុគ្គលិកពូកែៗជាច្រើនបានចាកចេញពី Meta ហើយអ្នកដែលនៅសេសសល់ក៏នឹងត្រៀមចាកចេញដែរ ដោយសារក្រុមហ៊ុនងាកទៅរកអ្វីដែល «សុវត្ថិភាព» និង «ដើរតាមក្រោយគេ» ជាជាងការបង្កើតថ្មី។ លោកថែមទាំងបានបញ្ជាក់ទៀតថា បច្ចេកវិទ្យា LLMs (Large Language Models) ដែលក្រុមហ៊ុនជាច្រើនកំពុងសម្រុកធ្វើ គឺជា «ផ្លូវទាល់» សម្រាប់ការឈានទៅរកបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (Superintelligence)៕








