កីឡាចំបាប់កាន់តែរីកចម្រើន សហព័ន្ធដាក់គោលដៅកាន់តែធំ
06-01-2026 13:36
(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានដាក់គោលដៅកាន់តែធំ ក្នុងដំណើរឆ្ពោះទៅរកមេដាយអូឡាំពិក នាឆ្នាំ២០៣៦ និងឆ្នាំ២០៤០ ស្របពេលប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរមួយនេះ បាននឹងកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសធនធានថ្នាលបន្ដវេនតែម្ដង។
នេះបើតាមការលើកឡើងរបស់លោក លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ នៅក្នុងពិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កន្លងទៅ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
លោកថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានការប្រែប្រួល និងរីកចម្រើនជាងមុន ដោយមានកំណើនក្លិប និងកីឡាករ-កីឡាការិនីចូលរួមកាន់តែច្រើន និងប្រកបដោយសមត្ថភាព បច្ចេកទេស ល្អប្រសើរ ពិសេសកំណើនយុវជនចូលរួម ដែលជាសញ្ញាណដ៏ល្អ បង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាចំបាប់កម្ពុជា ហើយក៏ឆ្លើយតបនឹងគោលដៅរយៈពេលវ័យរបស់សហព័ន្ធផងដែរ។
លោកថា «ផែនការរបស់ពួកយើង គឺគាំទ្រយុវជន សម្រាប់គោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ។ យើងទទួលស្គាល់ការបង្ហាត់បង្រៀន និងការកសាងសមត្ថភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅរកការប្រកួតប្រជែងកម្រិតអន្ដរជាតិ ក៏ដូចជាការស្វែងមេដាយកម្រិតពិភពលោក ត្រូវការរយៈពេលវែង។ ដូច្នេះបន្ទាប់ពីគោលដៅឆ្នាំ២០៣១ យើងក៏បានផ្ដោតឆ្ពោះទៅរកមេដាយអូឡាំពិក ឆ្នាំ២០៣៦ និងឆ្នាំ២០៤០ ផងដែរ»។
«ដើម្បីសម្រេចគោលដៅនេះ យើងកំពុងសាងសង់សាលហ្វឹកហាត់តាមខេត្តបន្ថែម ជាក់ស្ដែងយើងបានសាងសង់សាលមួយ នៅវិហារសួគ៌ និងកំពុងសាងសង់សាលធំមួយទៀត នៅខេត្តពោធិ៍សាត់ បន្ទាប់មកយើងធ្វើសាលនៅខេត្តកំពង់ឆ្នាំង និងមជ្ឈមណ្ឌលថ្មីមួយទៀត នៅភ្នំពេញ។ ដូច្នេះយុទ្ធសាស្ដ្រយើង គឺបង្កើតធនធានយុវជនឲ្យបានច្រើនចូលរួម ពិសេសថ្នាលយុវជនពី ៨ឆ្នាំ ដល់ក្រោម ១៣ឆ្នាំ»។ លោក ខេស៊ី បាណេត បន្ថែម។
នេះគឺជាគោលដៅដ៏ធំ និងមានរយៈពេលវែង ដែលសហព័ន្ធបាននឹងកំពុងសម្រួច ជាមួយផែនការយុទ្ធសាស្ដ្រច្បាស់លាស់ ដើម្បីកសាងធនធានកីឡាករ-កីឡាការិនី ប្រកបដោយសមត្ថភាព និងគុណផលកម្រិតខ្ពស់នាថ្ងៃអនាគត ហើយសហព័ន្ធសង្ឃឹមថា ក្ដីស្រម៉ៃនេះ នឹងក្លាយជាការពិត ដ្បិតសន្ទុះរីកចម្រើននៃការចូលរួមរបស់កីឡាករថ្នាលយុវជនជាច្រើននាពេលបច្ចុប្បន្ន ជាក់ស្ដែងកំណើន ទាំងបរិមាណ និងបច្ចេកទេស ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ។
សូមបញ្ជាក់ថា ជើងឯកចំបាប់ថ្នាក់ជាតិ ឆ្នាំ២០២៥ គឺបានប្រព្រឹត្តទៅពីថ្ងៃទី៣-៥ ខែមករា ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ១១១នាក់ មកពី ១៤ សមាគម/ក្លិប ។ ជាលទ្ធផលគឺក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៩គ្រឿង (មាស ៦ ប្រាក់ ៤ និងសំរឹទ្ធ ៩) ខណៈកងយោធពលខេមរភូមិន្ទ ឈរលេខ២ ឈ្នះមេដាយសរុប ៩គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៣) និងខេត្តត្បូងឃ្មុំ ឈរលេខ៣ ឈ្នះមេដាយសរុប ៤គ្រឿង(មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២)។ ក្រៅពីនេះ ក៏មាន ៩ក្លិបផ្សេងទៀត មានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាបន្ដបន្ទាប់ផងដែរ៕










