គ្រឹះស្ថាន «អម្រឹត» ឧបត្ថម្ភសម្ភារៈសិក្សា និងថវិកាជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទ្រទ្រង់វីរកងទ័ព, ប្រជាជន និងកុមារភៀសសឹក

06-01-2026 14:11

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានប្រគល់ជូននូវមូលនិធិសប្បុរសធម៌រួមមាន សម្ភារៈសិក្សា ឧបករណ៍បំពងសម្លេង និងថវិកាចំនួន ២០.០០០.០០០ រៀល ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទ្រទ្រង់វីរកងទ័ព និងឧបត្ថម្ភបន្តជូនប្រជាជនភៀសសឹក និងប្អូនៗសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

អម្រឹត បន្តចូលរួមចំណែកគាំទ្រវិស័យអប់រំ។ មូលនិធិសប្បុរសធម៌នេះ ជាចំណែកមួយសំខាន់ចូលរួមគាំទ្រសកម្មភាពអប់រំរបស់កុមារភៀសសឹក នៅតាមទីតាំងសុវត្ថិភាពក្នុងជំរុំភៀកសឹកនានា ដើម្បីជំរុញលើកទឹកចិត្តឱ្យប្អូនៗ សិក្សានុសិស្សភៀសសឹកទាំងអស់ឱ្យបានចូលរៀន និងមិនបោះបង់ការសិក្សា។

សូមជម្រាបថា អំណោយមនុស្សធម៌នេះ គឺបានមកពីការចូលរួមបវិច្ចាគថវិកាពីសំណាក់បុគ្គលិក និងគ្រឹះស្ថាន តាមរយៈមូលនិធិសប្បុរសធម៌របស់គ្រឹះស្ថាន ដែលបានបង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកឧបត្ថម្ភគាំទ្រកិច្ចការសង្គ្រោះដល់វីរកងទ័ព និងប្រជាជនភៀកសឹក ដែលរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

កន្លងទៅថ្មីៗនេះ អម្រឹត និងបុគ្គលិក បាននាំយកនូវជំនួយមនុស្សធម៌ជាស្បៀង គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន និងបានចុះផ្ទាល់ និងធ្វើម្ហូបជូនប្រជាជនភៀសសឹក ប្រមាណជិត ២.០០០គ្រួសារ ប្រមាណជាង ៥,៣០០នាក់ ក្នុងនោះមានកុមារជាង ២,០០០នាក់ ក្នុងជំរុំបណ្តោះអាសន្នចំនួន៣កន្លែង នៅក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ អម្រឹត ក៏បានចូលរួមអនុវត្តយ៉ាងសកម្មនូវវិធានការនានា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា ដូចជាការមិនគិតការប្រាក់ ការពន្យារការសងប្រាក់ ការជួយអតិថិជនជាយុទ្ធជនដែលរងរបួស និងការលុបបំណុលដល់គ្រួសារយោធានពិការនិងពលីជាដើម។

អម្រឹត មានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែល
ផ្តល់ផលវិជ្ជមានដល់សង្គម។ អម្រឹត បាននិងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនជាង ៨០ម៉ឺននាក់, មានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤,៧០០នាក់ កំពុងបម្រើការងារ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញើជាង ១.៤ ពាន់លានដុល្លារអាមេរិក និងផលប័ត្រប្រាក់កម្ចីជាង ១.៦ ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោកស្រី ង៉ៃ សុមាលា នាយិកាទីផ្សារពាណិជ្ជកម្ម
អ៊ីម៉ែល៖ [email protected]