លោក Rosenior យល់ព្រមមកដឹកនាំ Chelsea ជំនួសតំណែងលោក Maresca

06-01-2026 16:18

(បរទេស)៖ លោក Liam Rosenior គ្រូបង្វឹកក្លឹប Strasbourg បច្ចុប្បន្នបាននិយាយថា រូបលោកផ្ទាល់បានយល់ព្រម ក្នុងការមកដឹកនាំក្លឹបតោខៀវ Chelsea តពីលោក Enzo Maresca។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា បុរសសញ្ជាតិអង់គ្លេស វ័យ ៤១ឆ្នាំរូបនេះ នឹងមកជំនួសកៅអីបុរសសញ្ជាតិអ៉ីតាលី Maresca ដែលបានចុះចេញពីតំណែងនៅដើមឆ្នាំថ្មី ២០២៦។

លោក Rosenior បានថ្លែងថា «ខ្ញុំមិនអាចបាត់បង់ឱកាសដ៏កម្រនេះទេ ដើម្បីចូលរួមជាមួយក្រុមលំដាប់ពិភពលោកមួយនេះ ពោលគឺម្ចាស់ជើងឯក FIFA Club World Cup ថ្មីៗនេះតែម្តង។ ក្លឹបនេះជាផ្នែកមួយនៃជីវិតរបស់ខ្ញុំជាយូរមកហើយ»

គួរបញ្ជាក់ផងថា Strasbourg ដែលបច្ចុប្បន្នលេងក្នុងលីគកំពូល Ligue 1 របស់បារាំង ក៏ជាក្លឹបដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Todd Boehly និងក្រុមហ៊ុន Clearlake Capital ផងដែរ ដែលកំពុងកាន់កាប់ក្លឹបអង់គ្លេស តោខៀវ Chelsea ដូចគ្នា។

លោក Resonior ដែលមាន Idol របស់លោកគឺអតីតគ្រូបង្វឹកជោគជ័យ Manchester United គឺលោក Sir Alex Ferguson៕