ព្រឹត្តិការណ៍ Angkor Ultra Trail 2026 រក្សាចំនួនអ្នកចូលរួម ពិសេសអត្តពលិកមកពីក្រៅប្រទេស

06-01-2026 19:46

(ភ្នំពេញ)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ (Angkor Ultra Trail) លើកទី៩ នឹងត្រូវរៀបចំធម្មតា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាងមុខ ដោយរក្សាបាននូវចំនួនអ្នកចូលរួមយ៉ាងផុសផុល ពិសេសអត្តពលិកមកពីក្រៅប្រទេស ទោះបីក្នុងកាលៈទេសៈលំបាក នៃបញ្ហាព្រំដែនកម្ពុជា-ថៃ យ៉ាងណាក្ដី។ នេះបើតាមប្រសាសន៍លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារនេះ។

លោកថា គិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះចំនួន ១,២២៩នាក់ហើយ ដែលមកពីជាង ៤០ប្រទេស ហើយភាគច្រើនជាអត្តពលិកអន្ដរជាតិ មកពីក្រៅប្រទេស ពិសេសមានជនជាតិបារាំងច្រើនជាងគេរហូតដល់ជាង ៤០០នាក់ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ដែលមានអ្នកចុះឈ្មោះជាង ៥០០នាក់ ។ យ៉ាងណាការចុះឈ្មោះនៅតែបន្ដ ហើយគណៈកម្មការរៀបចំរំពឹងថា ការចូលរួមអាចកើនឡើងចន្លោះពី ១,៥០០នាក់ ទៅ ១,៧០០នាក់។ តួរលេខនេះ គឺមិនថមថយឡើយ បើធៀបនឹងឆ្នាំមុន ទោះបីមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដោយ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា ការរក្សាបាននូវចំនួនចូលរួមយ៉ាងផុសផុលនេះ ដោយសារតែការមានទំនុកចិត្តពីអ្នកចុះឈ្មោះ ចំពោះគណៈកម្មការរៀបចំ ក៏ដូចជាកត្ដាសុខសុវត្ថិភាពនៅកម្ពុជា ពិសេសសក្ដានុពលដ៏អស្ចារ្យ នៃតំបន់អង្គរ ដែលទាក់ចិត្តអត្តពលិកបរទេសចូលរួមយ៉ាងច្រើន ។ ការរៀបចំបានយ៉ាងល្អនៃព្រឹត្តិការណ៍មេះ ក៏ដោយសារមានកិច្ចសហការយ៉ាងល្អពីអាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសលោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages ដែលជាអ្នកផ្ដួចផ្ដើមគំនិតរៀបចំ ក្រោមការគាំទ្រ និងជួយជ្រោមជ្រែងពេញទំហឹងពីលោកបណ្ឌិត ថោង ខុន ប្រធាន NOCC។

ទន្ទឹមនឹងការរក្សាបាននូវការចូលរួមនេះដែរ ឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្ដេជ្ញាពង្រឹងការរៀបចំឲ្យបានកាន់តែល្អប្រសើរ ហើយជំរុញការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ដើម្បីឆ្ពោះទៅរកខួបលើកទី១០ នៃព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ២០២៧ ខាងមុខ ជាមួយគោលដៅទាក់ទាញអ្នកចូលរួមឲ្យបានយ៉ាងហោច ៥ពាន់នាក់ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ចជាតិ ក៏ដូចជាការលើកកម្ពស់ទេសចរណ៍ជាតិ ពិសេសនៅតំបន់អង្គរផងដែរ។

គួរដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងខាងលើ គឺមាន ៦វិញ្ញាសា រួមមានរត់ចម្ងាយ ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ និងចុងក្រោយ គឺវិញ្ញាសា Angkor Ultra Trail ចម្ងាយ ១០០គីឡូម៉ែត្រ។ សម្រាប់វិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ នឹងត្រូវចំណាយពេលច្រើនម៉ោង ដើម្បីសម្រេចគោលដៅ ដែលអ្នករត់ត្រូវរត់ទាំងយប់ ទាំងថ្ងៃ រត់កាត់ព្រៃប្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់កាត់តាមប្រាសាទបុរាណជាច្រើន នៅតំបន់ឧទ្យានអង្គរ។

សម្រាប់គោលបំណងសំខាន់ នៃទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរឆ្នាំនេះ គឺដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិ ជាពិសេសនៅតំបន់អង្គរ និងជួយដល់សកម្មភាពមនុស្សធម៌ ជាក់ស្ដែងក្រោយបញ្ចប់ព្រឹត្តិការណ៍ ក្រុមហ៊ុន Phoenix Voyages នឹងជួយដល់ការជួសជុលសាលារៀន សាងសង់អណ្ដូង និងសម្ភារៈសិក្សាជាច្រើនទៀត ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅស្រុកពួក ខេត្តសៀមរាប ផងដែរ៕