Amad ខ្សែបម្រើ Man Utd រួមចំណែកជួយកូដឌីវ័រ ឡើងវគ្គ ៨ក្រុម Afcon 2025 ក្រោយទម្លាក់ប៊ូគីណេហ្វាសូ

07-01-2026 09:34

(បរទេស)៖ Amad Diallo បានក្លាយជាតារាសំខាន់ ក្នុងការរួមចំណែកជួយក្រុមការពារតំណែងជើងឯក កូដឌីវ័រទម្លាក់គូប្រជែងប៊ូគីណេហ្វាសូ ៣-០ ដើម្បីឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2025 ដែលមានម៉ារ៉ុកធ្វើម្ចាស់ផ្ទះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើស្លាបរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះ រកបានគ្រាប់បាល់ទី១ សម្រាប់ក្រុមដំរីអាហ្វ្រិកនាំមុខ ១គ្រាប់មុននៅនាទីទី២០ ដោយបានញាក់ដាច់ខ្សែការពារ ២រូប មុនពេលបញ្ចប់ទីរបស់អ្នកចាំទី Herve Koffi។

១២នាទីបន្ទាប់ Amad ក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Yan Diomande បញ្ចប់ទីសម្រេចគ្រាប់ទី២ ទៀតនៅក្រៅតំបន់គ្រោះថ្នាក់ មុនពេលគ្រាប់ទី៣ ធ្វើបានដោយកីឡាករយុវជន Bazoumana Toure នៅនាទី៨៧។ Amad មិនត្រូវបានកោះហៅនោះទេ ពេលកូដឌីវ័រលើកពាន Afcon 2023 ក្នុងដី ដែលបច្ចុប្បន្នរកបាន ៣គ្រាប់ហើយ ក្នុងចំណោម ៤ប្រកួតមកនេះ។

ចំណែកឯ Dango Ouattara ក៏មានឱកាសរកបាន ១គ្រាប់នៅមុនពេលបញ្ចប់វគ្គទី១ ដែរ ដោយស៊ុតប៉ះដៃអ្នកចាំទី Yahia Fofana របស់កូដឌីវ័រ។

ក្រុមរបស់លោក Emerse Fae នឹងត្រូវប្រឈមមុខនឹងអតីតជើងឯក ៧សម័យកាល អេហ្ស៊ីប ដែលបានយកឈ្នះបេនីន ៣-១ ក្នុងម៉ោងថែមកាលពីថ្ងៃចន្ទនៃវគ្គ ១/៨ គ្រាដែលម៉ាលី ជួបសេណេហ្គាល់, កាមេរូន ប៉ះម៉ារ៉ុក និងអាល់ហ្សេរី ជួបនីហ្សេរីយ៉ា៕