ព្រឹត្តិការណ៍តេន្នីស Australian Open បង្កើនប្រាក់រង្វាន់ដល់កំណត់ត្រា ខណៈកីឡាករនៅតែបង្ហាញការខកចិត្ត

07-01-2026 10:12

(ម៉ែលប៊ឺន)៖ កម្មវិធីវាយកូនបាល់ Australian Open របស់ប្រទេសអូស្រា្តលី ក្នុងឆ្នាំនេះ បានបង្កើនកញ្ចប់ប្រាក់រង្វាន់ឈានដល់កំណត់ត្រាមួយ ពោលគឺមានចំនួន ៥៥លានផោនបន្ថែមទៀត ក៏ប៉ុន្តែកីឡាករជាច្រើននៅតែបង្ហាញការខកចិត្ត ដ្បិតជាកម្មវិធីធំក្នុងកម្រិត Grand Slam។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា ប្រាក់រង្វាន់សរុបសម្រាប់ធ្វើការចែកជូននោះបានកើតដល់ ១១១.៥លានដុល្លារ ដែលមានការកើនឡើង ១៦% បើធៀបនឹងឆ្នាំទៅ និងជាប្រវត្តិសាស្រ្តផងដែរ ក្នុងកម្មវិធីមានជារៀងរាល់ឆ្នាំនេះ។

សម្រាប់ជើងឯកវិញ្ញាសាវាយទោលទាំងផ្នែកបុរស និងនារី នឹងទទួលបានប្រាក់រង្វាន់ចំនួន ៤.១៥លានដុល្លារត្រឡប់ទៅផ្ទះវិញ ដែលមានការកើនឡើងប្រមាណ ១៩% ឯណោះ បើប្រៀបធៀបនឹងឆ្នាំ២០២៥ នៅពេលកីឡាករអ៉ីតាលី Jannik Sinner ផ្នែកបុរស និងកីឡាការិនី Madison Key គឺជាជើងឯក។

គួរបញ្ជាក់ផងថា គ្រប់កីឡាករ-កីឡាការិនីដែលបានចូលរួមទាំងវិញ្ញាសាវាយទោល និងវាយគូ នៃកម្មវិធីបើកឆាកកម្រិត Grand Slam នាដើមឆ្នាំនេះ សុទ្ធតែទទួលបានប្រាក់រង្វាន់ដែលមានការកើនឡើង ១០% ដូចៗគ្នាទាំងអស់។

ជាមួយគ្នានោះ លោក Craig Tiley នាយកប្រតិបត្តិ Australian Open បានថ្លែងថា «ការសម្រេចបង្កើនប្រាក់រង្វាន់នេះដែរ វាគឺជាការប្តេជ្ញាចិត្តរបស់ពួកយើង ដើម្បីបន្តគាំទ្រអាជីព Tennis នៅគ្រប់កម្រិតទាំងអស់»

ទោះជាបែបនេះក្តី វាបានកើតឡើង បន្ទាប់ពីមានការតវ៉ាប្រឆាំង ដើម្បីដាក់សម្ពាធទៅលើ Grand Slam នាអំឡុងខែតុលា ឆ្នាំ២០២៥ ក្នុងការបង្កើនប្រាក់រង្វាន់ ក៏ដូចជាគិតគូរពីសុខមាលភាពកីឡាករបន្ថែមទៀតដែរ។

Australian Open 2026 ចាប់ផ្តើមពីថ្ងៃទី១៨ ខែមករាតទៅ នៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី៕