ភ្លើងអូឡាំពិក Winter Olympics 2026 ឆ្លងកាត់ព្រិលធ្លាក់ខ្លាំង នៅសល់តែមួយខែបើកការប្រកួត
07-01-2026 10:14
(អ៉ឺតាលី)៖ ភ្លើងគប់អូឡាំពិករដូវរងា Winter Olympics 2026 ពេលនេះបានចាប់ផ្តើមដំណើរកាន់រត់ជាមួយការឆ្លងកាត់ព្រិលធ្លាក់ខ្លាំង ដើម្បីទៅដល់ទីក្រុង Bologna ភាគខាងជើងប្រទេសកាលពីថ្ងៃអង្គារ ខណៈនៅសល់តែមួយខែទៀតប៉ុណ្ណោះ ដល់ការចាប់ផ្តើមនៃការប្រកួតកីឡារដូវរងានៅទីក្រុង Milano Cortina ជាផ្លូវការ ។
សូមជម្រាបផងថា ភ្លើងគប់នេះបានចាប់ផ្តើមដំណើររត់ក្នុងប្រទេសអ៊ីតាលី ចេញដំណើរពីទីក្រុងរ៉ូមកាលពីមួយខែមុន ហើយបានទៅដល់កោះ Sardinia និង Sicily ក៏ដូចជាទីក្រុងភាគខាងត្បូងនៃទីក្រុង Naples និង Bari ដែលជាផ្នែកមួយនៃដំណើរចម្ងាយ ១២,០០០គីឡូម៉ែត្រ ដែលនឹងបញ្ចប់នៅពហុកីឡដ្ឋាន San Siro របស់ទីក្រុង Milan នៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខនេះ ។
បញ្ជាក់ផងថា ការប្រកួតកីឡាចម្រុះរដូវរងា Winter Olympics Games 2026 នៅប្រទេសអ៉ឺតាលី នឹងចាប់ផ្តើមបើកជាផ្លូវការពីថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ រហូតដល់ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ដែលនឹងមាន ៨ប្រភេទកីឡា ចែកចេញជា ១៦វិញ្ញាសា និងមាន ១១៦កម្មវិធីប្រកួត ជាមួយនិង ៩១ប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកចូលរួម៕






