គ្រូថ្មី Chelsea សម្រេចការកិច្ចសន្យារហូតដល់ឆ្នាំ២០៣២ ជាមួយនិមិត្តរូបអតីតគ្រូ Man United
07-01-2026 10:22
(ឡុងដ៏)៖ លោក Liam Rosenior ត្រូវបានរបាយការណ៍ចុះផ្សាយថា លោកបានយល់ព្រមមកដឹកនាំក្រុម Chelsea ជាមួយនិងការសម្រេចលើកិច្ចសន្យារហូតដល់ឆ្នាំ២០៣២ ជាមួយជម្រើសបន្ថែមទៀត នាមជាគ្រូផ្លូវការមកដឹកនាំដឹកនាំតពីលោក Enzo Maresca។
នេះមានន័យថា បុរសសញ្ជាតិអង់គ្លេស វ័យ ៤១ឆ្នាំរូបនេះ នឹងមកជំនួសកៅអីបុរសសញ្ជាតិអ៉ីតាលី Maresca ដែលបានចុះចេញពីតំណែងនៅដើមឆ្នាំថ្មី២០២៦ នេះ នាមជាគ្រូបង្វឹកម្នាក់ដែលធ្លាប់បានបង្ហើបឱ្យដឹងថាលោកមាននិមិត្តរូប គឺជាអតីតគ្រូបង្វឹកឆ្នើម Sir Alex Ferguson របស់ក្លឹប Manchester United ។
ការឈានជើងមកកាន់លីគអង់គ្លេសនេះ លោក Rosenior បានថ្លែងថា «ខ្ញុំមិនអាចបាត់បង់ឱកាសដ៏កម្រនេះទេ ដើម្បីចូលរួមជាមួយក្រុមលំដាប់ពិភពលោកមួយនេះ ពោលគឺម្ចាស់ជើងឯក FIFA Club World Cup ថ្មីៗនេះតែម្តង។ ក្លឹបនេះជាផ្នែកមួយនៃជីវិតរបស់ខ្ញុំជាយូរមកហើយ»។
គួរបញ្ជាក់ផងថា ក្លឹប Strasbourg ដែលបច្ចុប្បន្នលេងក្នុងលីគកំពូល Ligue 1 របស់បារាំង ក៏ជាក្លឹបដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Todd Boehly និងក្រុមហ៊ុន Clearlake Capital ផងដែរ ដែលកំពុងកាន់កាប់ក្លឹបអង់គ្លេស តោខៀវ Chelsea ដូចគ្នា ៕





