Discord ត្រៀមខ្លួនចូលទីផ្សារភាគហ៊ុនអាមេរិក ខណៈអ្នកប្រើប្រាស់កើនដល់ ២០០ លាននាក់
07-01-2026 10:32
(បរទេស)៖ ក្រុមហ៊ុន Discord ដែលជាកម្មវិធីជជែកកម្សាន្តដ៏ពេញនិយមសម្រាប់អ្នកលេងហ្គេម បានដាក់ពាក្យជាសម្ងាត់ដើម្បីបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) នៅសហរដ្ឋអាមេរិកហើយ។ ការបោះជំហាននេះកើតឡើងក្នុងអំឡុងពេលដែលទីផ្សារភាគហ៊ុនអាមេរិកកំពុងមានសន្ទុះឡើងវិញ បើទោះបីជាមានបញ្ហាប្រឈមខ្លះៗផ្នែកសេដ្ឋកិច្ច និងការប្រែប្រួលនៃភាគហ៊ុនបច្ចេកវិទ្យាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។
ទោះបីជាការរៀបចំកំពុងដំណើរការ ប៉ុន្តែគម្រោងនេះអាចនឹងមានការផ្លាស់ប្តូរ ប្រសិនបើស្ថានភាពទីផ្សារមិនអំណោយផល។ អ្នកនាំពាក្យរបស់ Discord បានបញ្ជាក់ប្រាប់ Bloomberg ថា៖ «គោលដៅចម្បងរបស់ក្រុមហ៊ុននៅតែជាការផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ និងការកសាងអាជីវកម្មមួយដែលរឹងមាំ និងមាននិរន្តរភាព»។
គួរជម្រាបថា បច្ចុប្បន្ន Discord ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៥ បានក្លាយជាបណ្តាញទំនាក់ទំនងមិនអាចខ្វះបានសម្រាប់អ្នកប្រើប្រាស់ជាង ២០០ លាននាក់ជារៀងរាល់ខែ។ ពីកម្មវិធីសម្រាប់តែអ្នកលេងហ្គេម Discord បានវិវឌ្ឍខ្លួនទៅជាទីកន្លែងសម្រាប់ជជែកតាមសំឡេង វីដេអូ និងសារអក្សរយ៉ាងទូលំទូលាយ ដែលធ្វើឱ្យការឈានជើងចូលទីផ្សារភាគហ៊ុនលើកនេះ ក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ៕











