Fletcher បានសុំពរជ័យពីគ្រូតា Sir Alex មុនទទួលការងារដឹកនាំក្លឹប Man Utd

07-01-2026 10:51

(មេនឆេស្ទើ)៖ លោក Darren Fletcher បានទម្លាយថា រូបលោកបានសុំពរជ័យពីអតីតគ្រូបង្វឹក Manchester United គឺលោក Sir Alex Ferguson មុនពេលទទួលការងារ ក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្ននៅកីឡដ្ឋាន Old Trafford។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Fletcher នឹងចូលកាន់តំណែងជាផ្លូវការចាប់ពីថ្ងៃពុធនេះតទៅ ក្នុងការដឹកនាំក្រុមបិសាចក្រហមលេងទល់នឹងម្ចាស់ផ្ទះ Burnley ក្នុងលីគអង់គ្លេស Premier League រាត្រីនេះ ជំនួសកៅអីគ្រូបង្វឹកចាស់ សញ្ជាតិព័រទុយហ្គាល់ Ruben Amorim និងដឹកនាំ Man Utd ប្រឈមមុខនឹង Brighton ក្នុងជុំទី៣ នៃកម្មវិធី FA Cup នារាត្រីថ្ងៃអាទិត្យទៀតដែរ។

រូបលោកបានយល់ព្រមកាន់តំណែងភ្លាមៗ បន្ទាប់ពីនិយាយជាមួយបុរសវ័យ ៨៤ឆ្នាំ Ferguson នៅឯកីឡដ្ឋាន Elland Road ជាទីដែល ១ប្រកួតចុងក្រោយរបស់លោក Amorim ក្រោមកិច្ចសន្យា ២ឆ្នាំកន្លះដែលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Leeds United។

បុរសវ័យ ៤១ឆ្នាំ Fletcher បានថ្លែងថា «ខ្ញុំមិនចូលចិត្តធ្វើការសម្រេចចិត្តធំណាមួយ ដោយពុំបានឆ្លងកាត់ពីលោក Sir Alex ឡើយ។ កន្លងមក ខ្ញុំតែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកជានិច្ច។ ដូច្នេះខ្ញុំចង់និយាយជាមួយគាត់ជាមុន និងសុំមតិយោបល់ ក៏ដូចជាពរជ័យពីបុរសសញ្ជាតិស្កុតឡេនរូបនេះជាមុនសិន»

សូមរំលឹកផងថា លោក Darren Fletcher គឺជាអតីតខ្សែបម្រើសំណព្វចិត្តរបស់លោក Sir Alex ដែលបានចំណាយពេលលេងក្នុងក្រុមធំ Man Utd ១៣ឆ្នាំ ជាមួយនឹងការបង្ហាញខ្លួនប្រមាណ ៣០០ប្រកួត ក្រោយពេលផ្ទេរចេញពីក្លឹប Celtic នាអំឡុងឆ្នាំ១៩៩៥ ក្រោយចាយពេល ១១ឆ្នាំ លេងនៅស្កុតឡេន៕