ក្រុមហ៊ុន «ផាសអ៊ែប» ចូលរួមឧបត្ថម្ភអង្ករ ១០០តោន ជូនដល់គ្រួសារភៀសសឹក និងកងទ័ពជួរមុខ

07-01-2026 11:47

(ភ្នំពេញ)៖ ក្រុមហ៊ុនផាសអ៊ែប (PassApp) ដែលជាក្រុមហ៊ុនកក់មធ្យោបាយធ្វើដំណើររបស់ខ្មែរ បានឧបត្ថម្ភអង្ករចំនួន ១០០តោន ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជួរមុខរបស់កម្ពុជា ដែលឈរជើងនៅបណ្ដោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក ប្រគល់តាមរយៈទីតាំងជំនួយ Eat More។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនផាសអ៊ែប (PassApp) ចូលរួមសកម្មភាពជួយដល់សង្គមជាតិ។ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនផាសអ៊ែប (PassApp) ក៏បានផ្តល់អាវក្រៅចំនួន ២,០០០អាវ តាមរយៈ Eat More និងបានឧបត្ថម្ភទឹកបរិសុទ្ធ ១៥០កេស រួមជាមួយមី ១០០កេស តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សម្រាប់ជូនដល់បងប្អូនជនភៀសសឹក ក៏ដូចជាវីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីផងដែរ។

ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន ផាសអ៊ែប គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបងប្អូនជនភៀសសឹក។

ផាសអ៊ែប (PassApp) គឺជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរ តាមទូរសព្ទដៃឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៧។ ផាសអ៊ែប (PassApp) ប្តេជ្ញាផ្តល់នូវសេវាកម្មធ្វើដំណើរដ៏ល្អបំផុត ជូនដល់អតិថិជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ បច្ចុប្បន្នវិសាលភាពសេវាកម្មរបស់ ផាសអ៊ែប (PassApp) បានគ្របដណ្ដប់ក្នុងខេត្ត-ក្រុងចំនួន ១០ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្ដាល បន្ទាយមានជ័យ និងបាវិត។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានផ្តល់ជូនជម្រើសយានយន្តយ៉ាងសម្បូរបែប រួមមាន រ៉ឺម៉ក PassApp, កង់បី PassApp, រថយន្ដតូច, រថយន្ត ECO និងរថយន្ដ SUV ជាដើម៕