ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ប្រមូលថវិកាជួសជុល និងសាងសង់សាលាតាមតំបន់ព្រំដែន! «DAZZ Charity Concert» រៀបចំឡើងនាក្រុងតាខ្មៅ នៅថ្ងៃទី១០-១១ ខែមករានេះ
07-01-2026 12:35
(ភ្នំពេញ)៖ ស្មារតីរួបរួម ខ្មែរស្រឡាញ់ខ្មែរ! DAZZ Charity Concert ជាព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ដ៏ធំមួយ ដើម្បីប្រមូលថវិកាជួយជូសជុល និងសាងសង់សាលារៀន តាមតំបន់ព្រំដែនដែលរងនូវការខូចខាត បន្ទាប់ពីការឈ្លានពានរបស់យោធាថៃ មកលើដែនដីកម្ពុជា។
គ្រាន់តែបើកក្បាលដើមឆ្នាំ២០២៦ភ្លាម ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រៀបចំតន្ត្រី ១ពាន់លានរៀល ដើម្បីសប្បុរសធម៌ ឬ DAZZ Charity Concert ដើម្បីប្រមូលថវិកាយកទៅជួសជុល ឬកសាងសាលារៀន ដែលរងការខូចខាតតាមតំបន់ព្រំដែន។ ជាពិសេសបន្តផ្សព្វផ្សាយពីសិល្បៈតន្ត្រី បន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី និងរក្សាចរន្តសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។
ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ Charity Concert នឹងរៀបចំឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨យប់ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទល់មុខគណបក្សប្រជាជន ដោយមានការចូលរួមសម្តែង និងច្រៀងពីតារាល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដូចជាតារាចម្រៀង ព្រាប សុវត្ថិ, លោក ខេម, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ, កញ្ញា សុខុម រចនា និងបេក្ខជនកម្មវិធីប្រឡងចម្រៀង CAMBO RAPPER។
ដោយឡែកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានវត្តមានតារាចម្រៀង ខេមរៈ សិរីមន្ត, លោក ខាន់ ជេមស៌, លោក លំ សុក្រិត, កញ្ញា អេមមី, កញ្ញា ធីតា ដាវីកា និងលោក ដូរ៉ា សក្កដា។
គោលបំណងធំនៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ Charity Concert នេះឡើង ដើម្បីកៀរគរសប្បុរសជនរកថវិកា ទៅជួយក្នុងការជួសជុល ឬកសាងសាលារៀន ដែលរងការខូចខាតដោយសារ ការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា នៅតាមតំបន់ព្រំដែន ដូចពាក្យចាស់លោកពោលថា «ប្រទេសរីកចម្រើន គឺមកពីការសិក្សា តែបើគ្មានសាលា តើកុមារបានកន្លែងណាក្រេបចំណេះដឹង»។
DAZZ Charity Concert ថាមពលនៃសំឡេងខ្មែរតែមួយ។ កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី DAZZ Charity Concert ទាំងអស់គ្នា..!៕












