Neymar នៅតែសង្ឃឹមនៅការកោះហៅចូលជម្រើសជាតិ ពីការបន្តកិច្ចសន្យានៅ Santos រហូតដល់ចុងឆ្នាំ២០២៦
07-01-2026 15:59
(ប្រេស៊ីល)៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar យោងតាមរបាយការណ៍បានចេញផ្សាយថា នៅពេលនេះបានបន្តកិច្ចសន្យាជាមួយ Santos រហូតដល់ចុងឆ្នាំ២០២៦ ដែលត្រូវបានយល់ថារូបគេបានកំពុងតែស្វែងរកនៅជម្រើសណាមួយ ដើម្បីទទួលបានការកោះហៅឡើងវិញក្នុងគោលដៅនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ។
សូមជម្រាបផងថា Neymar បានវិលត្រឡប់ទៅកាន់ក្លឹបកុមារភាពលោកវិញនៅខែមករា ឆ្នាំ២០២៦ ហើយក៏មិនបានចូលលេងក្នុងប្រកួតរបស់ជម្រើសជាតិប្រេស៊ីលលេងវគ្គជម្រុះក្នុងតំបន់ឡើយ គិតចាប់តាំងពីឆ្នាំ២០២៣ ដោយសារកត្តាបញ្ហារបួសរាំរៃ ។
អតីតខ្សែប្រយុទ្ធក្រុម FC Barcelona និង Paris St-Germain ក៏ជាសមាជិកម្នាក់បានលេងទាំងមានការឈឺចាប់ ដើម្បីជួយក្រុម Santos មានឱកាសគេចផុតពីការកាត់ចោលពីលីគកំពូលរបស់ប្រេស៊ីល កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុងការប្រកួត ៥លើកចុងក្រោយផងដែរ ។
បន្ទាប់មក Neymar ដែលជាអ្នករកបានគ្រាប់ច្រើនជាងគេរបស់ម្ចាស់ពាន World Cup ៥សម័យកាល ក៏ត្រូវបានវះកាត់ជង្គង់ខាងឆ្វេងរបស់គាត់ ដើម្បីព្យាបាលបន្ទះឆ្អឹងជង្គង់ (Meniscus) ដែលវាបានបង្កើនជាក្តីសង្ឃឹមដល់រូបគេ ដែលនឹងអាចទទួលបានការចាប់អារម្មណ៍ពីគ្រូបង្វឹកលោក Carlo Ancelotti នៅរដូវក្តៅនេះ។
រំលឹកផងថា លោក Ancelotti ក៏ធ្លាប់បានឱ្យដឹងកាលពីខែតុលាថា Neymar ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ប្រេស៊ីល ៧៩គ្រាប់ ត្រូវតែមានសុខភាពល្អពេញលេញដើម្បីទទួលបានការកោះហៅឡើងវិញ។
របួសរាំរៃរបស់ Neymar គឺមានការចំណាយពេល ១២ខែបន្ទាប់ពីគាត់បានដាច់សរសៃពួរខាងមុខ (ACL) ក្នុងខែតុលា ឆ្នាំ២០២៣ និងក៏មានការអវត្តមានរយៈពេល ១៧ខែ បង្ខំឱ្យដកខ្លួនចេញពីក្រុមដោយសាររបួសសាច់ដុំ។
បញ្ជាក់ផងថា ប្រេស៊ីល នឹងត្រូវប្រកួតជាមួយស្កុតឡេន ម៉ារ៉ុក និងហៃទី ស្ថិតក្នុងពូល C នៅព្រឹត្តិការណ៍ World Cup 2026 វគ្គចែកពូលដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ដោយមានប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ធ្វើសហម្ចាស់ផ្ទះរួមគ្នា ជំនាន់ទី២៣ បង្កើនដល់ ៤៨ក្រុមដំបូងនេះ ៕




