Real ឬ Madrid ឡើងជួប Barca ក្រោយបំបាក់ Bilbao យ៉ាងចាស់ដៃ
08-01-2026 09:48
(អេស្ប៉ាញ)៖ ក្រុមការពារតំណែងជើងករដូវកាលមុន FC Barcelona ពេលនេះបានបន្តឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ Spanish Super Cup 2026 ក្រោយយកឈ្នះក្រុម Athletic Bilbao យ៉ាងចាស់ដៃនៅលទ្ធផល ៥-០ ដែលនឹងរង់ចាំជួបក្រុម Real Madrid ឬក្រុម Atletico Madrid ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាយប់នេះ ។
៥គ្រាប់របស់ក្រុមឈានពាននេះច្រើនជាងគេ ១៥សម័យ FC Barcelona ធ្វើបានដោយកីឡាករ Ferran Torres, Fermin Lopez និងកីឡាករវ័យក្មេង ២០ឆ្នាំ Bardghji ជាមួយនឹងខ្សែប្រយុទ្ធប្រេស៊ីល Raphinha រកបាន ២គ្រាប់ម្នាក់ឯង ក្នុងប្រកួតដែលមានអ្នកទស្សនាផ្ទាល់ប្រមាណ ៥០,១៤១នាក់ ក្នុងកីឡដ្ឋាន King Abdullah Sport City ។
Real Madrid ជាជើងឯករងឆ្នាំមុន ក៏ជាម្ចាស់ពាននេះ ១៣សម័យកាលផងដែរនោះ នឹងត្រូវប៉ះ Atletico Madrid ដែលធ្លាប់ស្គាល់ពាននេះ ២លើកនោះក្នុងរាត្រីនេះ ដែលធ្វើឱ្យការប្រកួតការប្រជែងកាន់តែជក់ចិត្តខ្លាំងនៅការដណ្តើមកៅអីឡើងវគ្គផ្តាច់ព្រ័ត្រ ក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ។
សូមជម្រាប់ផងថា វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃចន្ទ នៅទីក្រុង Jeddah ខណៈការប្រកួតពាននេះ ប្រទេសអារ៉ាប៊ីសាអូឌីត និងសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានសម្រេចបន្តកិច្ចព្រមព្រៀងមួយ ដើម្បីនាំការប្រកួតនេះមកកាន់ទឹកដីមជ្ឈិមបូព៌ានេះរហូតដល់ឆ្នាំ២០២៩ ៕





