ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ «Exprez Charity Concert» ស្រុកកៀនស្វាយ ជួបសុទ្ធតែតារាចម្រៀងល្បីៗ រយៈពេល២ថ្ងៃជាប់គ្នា!

08-01-2026 10:18

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ Exprez Charity Concert នៅស្រុកកៀនស្វាយនឹងធ្វើឱ្យផ្ទុះកក្រើក អ្នកគាំទ្រជាក់ជាមិនខាន ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រយៈពេល២ថ្ងៃជាប់គ្នា ដើម្បីស្វែងរកថវិកាជួយជួសជុលនិងសាងសង់សាលារៀនតាមតំបន់ព្រំដែនដែលរងនូវការខូចខាត បន្ទាប់ពីការឈ្លានពានរបស់ថៃ មកលើដែនដីកម្ពុជា។

ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ Exprez Charity Concert នឹងរៀបចំឡើងនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ នៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការចូលរួមសម្តែង និងច្រៀងពីតារាចម្រៀងល្បីៗដូចជា ឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា , លោក ជុំ លីណូ ,អ្នកនាង ខាត់ សួស្តី ,លោក វង្ស ថាណាន់ និងបេក្ខជនកម្មវិធី CAMBO RAPPER។

ដោយឡែក ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ ជូបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខេម ,លោក Tempo Tris , លោក សុវត្ថិ មុនីវណ្ណ ,លោក សុវត្ថិ សិរីវុឌ្ឍ និងកញ្ញា NANA ដែលត្រៀមអង្រួនឆាក Exprez Charity Concert ។

គួរបញ្ជាក់ផងដែរថា Exprez Charity Concert ជាព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ដ៏ធំមួយ ដែលរៀបចំឡើង ដើម្បីប្រមូលថវិកាជួយជួសជុលនិងសាងសង់សាលារៀនតាមតំបន់ព្រំដែនដែលរងនូវការខូចខាត បន្ទាប់ពីការឈ្លានពានរបស់ថៃ មកលើដែនដីកម្ពុជា ដោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរួមសហការជាមួយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រៀបចំតន្ត្រី១ពាន់លានរៀល ដើម្បីសប្បុរសធម៌ ជាពិសេសផ្សព្វផ្សាយពីសិល្បៈតន្ត្រី និងបន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី ដើម្បីរក្សាចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។

ស្មារតីរួបរួម ខ្មែរស្រឡាញ់ខ្មែរ ! Exprez Charity Concert សំឡេហខ្មែររួបរួម ក្នុងឆន្ទៈខ្មែរតែមួយ។ កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី Exprez Charity Concert ទាំងអស់គ្នា ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗជាច្រើនរយៈពេលពីរថ្ងៃជាប់គ្នា៕

https://www.facebook.com/share/v/16LGW1WPos/?mibextid=wwXIfr