តម្លៃទីផ្សារក្រុមហ៊ុន Anthropic ហក់ឡើងថ្លៃកប់ពពក ៣៥០ ពាន់លានដុល្លារ ត្រៀមខ្លួនអង្រួនទីផ្សារ AI
08-01-2026 12:26
(បរទេស)៖ ក្រុមហ៊ុន Anthropic ដែលជាអ្នកបង្កើតកម្មវិធីឆ្លើយឆ្លងឆ្លាតវៃ (Chatbot) ដ៏ល្បីល្បាញឈ្មោះ Claude កំពុងរៀបចំផែនការប្រមូលទុនថ្មីក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ យោងតាមប្រភពពីសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការកៀរគរទុនលើកនេះនឹងធ្វើឱ្យតម្លៃខ្លួនរបស់ក្រុមហ៊ុនហក់ឡើងដល់ ៣៥០ ពាន់លានដុល្លារ ដែលជាការកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ បន្ទាប់ពីតម្លៃរបស់វាត្រូវបានគេវាយតម្លៃថាមានត្រឹម ១៨៣ ពាន់លានដុល្លារកាលពីខែកញ្ញាកន្លងទៅ។
មហាសេដ្ឋីបច្ចេកវិទ្យា និងអ្នកវិនិយោគធំៗ រួមមានមូលនិធិទ្រព្យសម្បត្តិរដ្ឋរបស់សិង្ហបុរី GIC និងក្រុមហ៊ុន Coatue Management ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមបោះទុនប្រមាណ ១០ ពាន់លានដុល្លារបន្ថែមទៀតចូលក្នុងក្រុមហ៊ុននេះ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Anthropic ដែលទទួលបានការគាំទ្រពី Google និង Amazon រួចជាស្រេចទៅហើយនោះ បានឆ្លើយតបយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មានថាខ្លួន «បដិសេធមិនធ្វើអត្ថាធិប្បាយ» ជុំវិញព័ត៌មាននៃកិច្ចព្រមព្រៀងដ៏ធំនេះឡើយ។
ប្រជាប្រិយភាពរបស់ Anthropic កើតចេញពីសមត្ថភាពដ៏អស្ចារ្យនៃម៉ូដែល Claude ជាពិសេសលើកិច្ចការសរសេរកូដ និងការប្រើប្រាស់ក្នុងវិស័យអាជីវកម្ម។ ជាមួយគ្នានេះ សារព័ត៌មាន Financial Times បានបង្ហើបថា ក្រុមហ៊ុនកំពុងរៀបចំខ្លួនដើម្បីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO) នៅឆ្នាំ ២០២៦ នេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ Anthropic បានបញ្ជាក់ប្រាប់ Reuters យ៉ាងប្រុងប្រយ័ត្នថា ក្រុមហ៊ុន «មិនទាន់សម្រេចចិត្តថានឹងចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅពេលណា ឬថាតើត្រូវធ្វើវានៅពេលណានោះទេ»។
គូសបញ្ជាក់ថា ការហក់ឡើងនៃតម្លៃខ្លួននេះ បង្ហាញឱ្យឃើញពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត (AI) ទោះបីជាមានអ្នកជំនាញខ្លះចាប់ផ្តើមបារម្ភពីបញ្ហា «ពពុះសេដ្ឋកិច្ច AI» ក្នុងវិស័យនេះក៏ដោយ។ បច្ចុប្បន្ន Anthropic កំពុងបន្តពង្រីកសេវាកម្មរបស់ខ្លួនដល់កម្រិតសាជីវកម្មធំៗ ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនកើនឡើងទ្វេដង ឬបីដងក្នុងឆ្នាំនេះ៕









