ក្រុមបាល់ទះលំដាប់ប្រទេស ៤ក្រុម ត្រៀមជួបគ្នាក្នុងព្រឹត្តិការណ៍សប្បុរសធម៌ ដើម្បីជនភៀសសឹក នាសប្ដាហ៍ក្រោយ
08-01-2026 12:48
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ខ្លាំងៗលំដាប់ប្រទេស ៤ក្រុម រួមមានក្រុមបញ្ជាការដ្ឋានអង្គរក្ស វិសាខា ក្រសួងមហាផ្ទៃ និងក្រុមស្នងការរាជធានីភ្នំពេញ នឹងត្រូវជួបគ្នាក្នុងព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ ដើម្បីជនភៀសសឹក នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។
ប្រភពពីមន្ដ្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រឹត្តិការណ៍នេះ ធ្វើឡើងតែ ១ថ្ងៃប៉ុណ្ណោះ ដោយក្នុងចំណោមបេក្ខភាពចូលរួម តម្រូវឲ្យចាប់ឆ្នោតជួបគ្នា បន្ទាប់ពីមកក្រុមឈ្នះ ត្រូវក្រុមឈ្នះ និងក្រុមចាញ់ ត្រូវជួបក្រុមចាញ់ ដើម្បីកំណត់ចំណាត់ក្រុមជយលាភីប្រចាំព្រឹត្តិការណ៍សប្បុរសធម៌នេះតែម្ដង។
ចំពោះគោលបំណងសំខាន់នៃការប្រកួតប្រជុំដោយក្រុមខ្លាំងៗលំដាប់ប្រទេសនេះ គឺដើម្បីកៀរគរមូលនិធិពីអ្នកចូលរួមទស្សនា និងដៃគូសហការ សម្រាប់បរិច្ចាគជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ។ រីឯការប្រកួតនឹងមានលក់សំបុត្រចូលទស្សនាឬអត់ សហព័ន្ធកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធ ហើយនឹងជូនដំណឹងនាពេលក្រោយ៕







