គ្មានអ្វីត្រូវលាក់បាំង! ស៊ីន យូប៊ីន ទម្លាយការពិតគ្រប់យ៉ាងដែលគ្រប់គ្នាមិនធ្លាប់ដឹង ជុំវិញការរិះគន់លើបណ្តាញសង្គម
08-01-2026 13:48
(ភ្នំពេញ)៖ អ្វីដែលមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម រំអុកចង់ដឹងចង់ឮការបកស្រាយពីមាត់ផ្ទាល់របស់តារាសម្ដែង ស៊ីន យូប៊ីន ត្រូវបានសាម៉ីខ្លួន គាស់កកាយមកទម្លាយឱ្យដឹងខ្ទេចគ្មានសល់ឡើយ នៅចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកជាច្រើន កាលពីពេលថ្មីៗកន្លងទៅ ក្រោយរូបនាងទទួលបានការទទូចស្នើសុំពីអ្នកគាំទ្រម្តងហើយម្តងទៀត។ មុនចាប់ផ្តើម យូប៊ីន បានសំពះសូមទោសទៅកាន់អ្នកសារព័ត៌មាន និងប្រជាជនទូទាំងប្រទេស ចំពោះការពាក់ម៉ាស់ផ្តល់បទសម្ភាសន៍ ព្រោះនាងទើបជួបឧប្បត្តិហេតុរបួស មាត់ និងបែកធ្មេញ ទើបមិនអាចដោះម៉ាស់ចេញបាន។
រៀបរាប់ដោយគ្មានការលាក់លាំង តារាស្រីឆ្នើមលំដាប់ប្រទេសកញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់ថា គ្រប់យ៉ាងដែលបានកើតឡើងសុទ្ធតែមានហេតុ និងផល គ្រាន់តែកន្លងមកនាងពុំទាន់មានឱកាសបកស្រាយ បង្ហាញការពិតពីក្រោយរឿងទាំងនោះ ឱ្យគ្រប់គ្នាបានដឹង។ ចំណុចសំខាន់ដំបូងគេ យូប៊ីន បានបកស្រាយរឿងដែលអ្នកប្រើប្រាស់បណ្តាញរិះគន់ថា នាងស្ងប់ស្ងាត់អំឡុងពេលកម្ពុជា រងការឈ្លានពានពីសំណាក់ចោរសៀមម្តងជាពីរដង។
តារាសម្តែងឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន បាននិយាយថា «ចាប់តាំងពីមានការឈ្លានពានមកលើប្រទេសកម្ពុជា ពីសំណាក់កងទ័ពយោធាថៃទាំងកម្រោលមក ខ្ញុំក៏មិនបានទៅណាដែរ ខ្ញុំបានចុះទៅដោយផ្ទាល់ជាមួយនឹងបងប្អូនសិល្បៈ ជាពិសេសតាមរយៈសមាគមសិល្បករខ្មែរ ដោយបាននាំយកអំណោយ និងសម្ភារៈជាច្រើនទៅចែកជូនជនភៀសសឹក និងកងទ័ពជួរមុខផងដែរ។ ជាមួយគ្នានេះខ្ញុំក៏បានធ្វើវីដេអូទាក់ទងនឹងកុមារកម្ពុជា ដែលបានភៀសខ្លួនគួរឲ្យអាណិតអាសូរទាំងភាសាខ្មែរ និងភាសារអង់គ្លេសបង្ហោះជាសាធារណៈ តាមបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីឲ្យពិភពលោកបានដឹង ពីទង្វើដ៏ឃោឃៅពីសំណាក់កងទ័ពសៀម។ ខ្ញុំមិនបានស្ងៀមស្ងាត់ ឬសំងំពុំមានសកម្មភាពណាមួយឡើយ ជុំវិញរឿងការឈ្លានពានដ៏គួរឲ្យឈឺចាប់នេះ..!»។
ភ្ជាប់ជាមួយសំនួរខាងលើ យូប៊ីន ក៏បានបកស្រាយពីបញ្ហាដែលបានកើតឡើងចំពោះ facebook page ផ្លូវការរបស់នាង ដែលថ្មីៗនេះស្រាប់តែបង្ហោះរូបថតរវាងនាង និង វ៉ៃហាំង ឡើងមក ហើយក៏ត្រូវលុបចេញទៅវិញ បង្កជាការរិះគន់ និងការលើកឡើងផ្សេងៗជាច្រើន។
តារាសម្ដែង ស៊ីន យូប៊ីន បានបន្ថែមទៀតថា សម្រាប់បណ្ដាញសង្គមរបស់នាងដែលមានបញ្ហាបង្ហោះហើយលុបវិញ ព្រោះគឺដោយសារតែហ្វេសប៊ុករបស់នាងមានបញ្ហា ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់អាយកមកគ្រប់គ្រងវិញបានដែរ ប៉ុន្តែនាងចង់ឲ្យមហាជនងាកមកតាមដានសកម្មភាពរបស់នាង តាមរយៈអ៊ីនស្តាក្រាមវិញ ព្រោះនាងបានបង្វែសកម្មភាពទាំងអស់នោះ មកបង្ហោះនៅក្នុងបណ្ដាញសង្គមមួយនេះ ខណៈដែលហ្វេសប៊ុក គឺនាងមិនសូវបង្ហោះ ឬលេងជាប្រចាំនោះទេ។ បន្ទាប់ពីហ្វេសប៊ុករបស់នាងមានបញ្ហា នាងក៏គ្មានគម្រោងបង្កើតហ្វេសប៊ុកថ្មីដែរ ព្រោះហ្វេសប៊ុកថ្មី មិនមានឥទ្ធិពលដូចហ្វេសប៊ុកចាស់របស់នាង ដែលមានអ្នកគាំទ្រច្រើនរួចទៅហើយនោះដែរ។
ក្នុងឱកាសនេះ ស៊ីន យូប៊ីន បានទម្លាយឱ្យដឹងមូលហេតុពីក្រោយការមិនបានដាក់វីដេអូលើ Billboard នៅទីក្រុង New York តាមការសន្យា និងបានឱនមុខទទួលស្គាល់នូវកំហុសចំពោះការ Repost ពីវីដេអូ LV នៅលើ Tik Tok ដោយអចេតនា និងបានចាត់ទុកថា នេះជាមេរៀនដ៏ធំសម្រាប់នាង ហើយនាងនឹងប្រុងប្រយ័ត្នលើការប្រើប្រាស់បណ្តាញសង្គមឱ្យច្រើនជាងនេះ។
ឆ្លៀតឱកាសនេះ តារាស្រីឆ្នើមលំដាប់ប្រទេសរូបនេះ ក៏បានទម្លាយច្បាស់ៗពីអត្តសញ្ញាណ និងសញ្ជាតិរបស់នាង ដែលកន្លងមកតែងមានអ្នកនិយាយថា នាងជាកូនកាត់ខ្មែរ-ថៃ ទាំងដែលការពិត គឺនាងជាកូនខ្មែរ ១០០% ឪពុកម្តាយជាជនជាតិខ្មែរ ១០០% និងមានសញ្ជាតិខ្មែរតែមួយគត់។ ជុំវិញរឿងរ៉ាវដែលបានកើតទាំងអម្បាលមាណ យូប៊ីន បានកត់ចំណាំមនុស្សមួយក្រុមដែលធ្លាប់បានប្រមាត់មើលងាយជីវិតនាងម្តងហើយម្តងទៀត ដោយពេលនេះនាង និងមេធាវីកំពុងប្រមូលភស្តុតាងមួយចំនួន ដើម្បីទុកធ្វើចំណាត់ការផ្លូវច្បាប់ នៅពេលប្រទេសជាតិយើងត្រឡប់មកមានសុខសន្តិភាពដូចដើមវិញ ដើម្បីទុកជាគំរូសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន។
ត្រង់ចំណុចនេះ ស៊ីន យូប៊ីន សង្កត់ធ្ងន់ថា នាងនឹងមិនធ្វើអ្វីទាំងអស់ ដរាបណាប្រទេសយើងមិនទទួលបានសន្តិភាពមកវិញ ព្រោះក្នុងនាមជាសិល្បករ និងជាប្រជាពលរដ្ឋម្នាក់ នាងនឹងមិនធ្វើអ្វីដែលបង្កផលលំបាក និងសាងភាពអវិជ្ជដល់សង្គមជាតិនេះឡើយ។ ស៊ីន យូប៊ីន ក្នុងនាមជាសិល្បករ និងជាប្រជាពលរដ្ឋម្នាក់ គ្មានអ្វីក្រៅពីម្រាមដៃដប់សំពះគោរពដឹងគុណ ចំពោះថ្នាក់ដឹកនាំដ៏អង់អាចរបស់កម្ពុជាទាំង ២រូប ចំពោះការលះបង់មិនខ្លាចភាពហត់នឿយ ដើម្បីកម្ពុជាទទួលបានសុខសន្តិភាពត្រឡប់មកវិញ។
ចំពោះវីរៈកងទ័រជួរមុខដែលឈរជើងយ៉ាងរឹងមាំការពារបន្ទាត់ព្រំដែន ពីការឃ្លានពាន យូប៊ីន បានក្រាបថ្វាយបង្គំបង្ហាញការគោរពដឹងគុណ ចំពោះមុខអ្នកសារព័ត៌មានចំពោះការពាលីសាច់ស្រស់ឈាមស្រស់ ដើម្បីការការពារបូរណភាពទឹកដីខ្មែរ។ ក្នុងនាមសមភូមិជួរក្រោយ ទោះរងការរិះគន់ខ្លាំងយ៉ាងណា ក៏ យូប៊ីន នៅតែបន្តធ្វើសកម្មភាពសប្បុរសធម៌ជាមួយស្ថាប័នរដ្ឋ និងអង្គការផ្សេងៗ ដើម្បីសម្រួលបន្ទុកបងប្អូនជនភៀសសឹកនៅតំបន់ផ្សេងៗតាមដែលអាចធ្វើទៅបាន៕


















