OpenAI កំណត់ទុន ៥០ពាន់លានដុល្លារ សម្រាប់ផ្តល់ភាគហ៊ុនដល់បុគ្គលិក

08-01-2026 15:04

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងល្បី OpenAI ប្រកាសពីការកំណត់ទុកមូលនិធិភាគហ៊ុនមានតម្លៃប្រមាណ ៥០ពាន់លានដុល្លារ​អាមេរិក ដើម្បីផ្តល់ជារង្វាន់ភាគហ៊ុនដល់បុគ្គលិកបច្ចុប្បន្ន និងបុគ្គលិកនាពេលអនាគតរបស់ខ្លួន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ The Information។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ការកំណត់ទុននេះត្រូវបានធ្វើឡើងកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដោយផ្អែកលើការវាយតម្លៃក្រុមហ៊ុនប្រមាណ ៥០០ពាន់លានដុល្លារ នៅខែតុលា ឆ្នាំ២០២៥ ដែលមានន័យថា មូលនិធិភាគហ៊ុននេះស្មើប្រហែល ១០% នៃតម្លៃសរុបក្រុមហ៊ុន។ បន្ថែមពីនេះ សេចក្តីរាយការណ៍បានឲ្យដឹងថា OpenAI បានផ្តល់ភាគហ៊ុនដែលបានអនុម័តរួចជាស្រេច (vested equity) ជូនបុគ្គលិករួចហើយប្រមាណ ៨០ពាន់លានដុល្លារ។ ប្រសិនបើរួមបញ្ចូលជាមួយមូលនិធិភាគហ៊ុនថ្មីនេះ នោះភាគហ៊ុនដែលជាកម្មសិទ្ធិបុគ្គលិកអាចឡើងដល់ប្រហែល ២៦% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបាននៅពេលនោះទេ ហើយ OpenAI ក៏មិនទាន់មានមតិយោបល់ផ្លូវការភ្លាមៗអំពីសេចក្តីរាយការណ៍នេះដែរ។ ជាមួយគ្នានេះ The Information ក៏បានរាយការណ៍ថា OpenAI កំពុងពិភាក្សាជាមួយវិនិយោគិនអំពីការរកមូលនិធិថ្មី ដែលអាចវាយតម្លៃក្រុមហ៊ុនដល់ជិត ៧៥០ពាន់លានដុល្លារ ក្នុងពេលអនាគត ដែលខ្ពស់ជាងការវាយតម្លៃមុនប្រមាណ ៥០ភាគរយ។ ព័ត៌មាននេះបង្ហាញថា OpenAI កំពុងប្រើយុទ្ធសាស្ត្រផ្តល់ភាគហ៊ុនដ៏ធំ ដើម្បីរក្សានិងទាក់ទាញបុគ្គលិកមានជំនាញខ្ពស់ ស្របពេលបច្ចុប្បន្នកំពុងស្ថិតក្នុងការប្រកួតប្រជែងយ៉ាងតឹងរ៉ឹងនៅវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕