ធនាគារ «ខេប៊ីប្រាសាក់» តែងតាំងលោក រី វណ្ណា ជាប្រធាននាយកប្រតិបត្តិថ្មី

08-01-2026 17:08

(ភ្នំពេញ)៖ ធនាគារ ខេប៊ី ប្រាសាក់ ម.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំង លោក រី វណ្ណា ជាប្រធាននាយកប្រតិបត្តិ បន្ទាប់ពីមានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា។ លោកចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយបន្តតំណែងពី លោក អ៊ុំ សមអឿន ដែលជាប្រធាននាយកប្រតិបត្តិចាស់ ដែលនឹងបន្តទទួលតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល។
លោក អ៊ុំ សមអឿន បានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងធនាគារ ខេប៊ីប្រាសាក់ អស់រយៈពេលជាង ៣០ឆ្នាំ។ លោកបានបម្រើការក្នុងតួនាទីក្នុងកម្រិតថ្នាក់ដឹកនាំជាច្រើន រួមទាំងជា ប្រធាននាយកប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាល មុនពេលលោកចូលនិវត្តន៍។

លោក រី វណ្ណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ និងបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម និងនីតិសាស្ត្រ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាំងក្នុងប្រទេស និងអន្តរជាតិទាក់ទងនឹងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងធនាគារ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។

លោកមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងផ្នែកលក់ និងការគ្រប់គ្រងសាខា ដោយបានចាប់ផ្តើមអាជីពនៅឆ្នាំ១៩៩៩ ក្នុងតួនាទីជាមន្ត្រីឥណទាន។ អស់រយៈពេលជាច្រើនឆ្នាំ អាជីពការងាររបស់លោកបានការរីកចម្រើនជាបន្តបន្ទាប់ ដោយទទួលបានតួនាទីជាន់ខ្ពស់ រួមមានប្រធានមន្ត្រីឥណទាន នាយកសាខា នាយកភូមិភាគ អ្នកសម្របសម្រួលបរិស្ថាននិងសង្គម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។

នៅឆ្នាំ២០១១ លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងតួនាទីជា នាយកគាំទ្រការលក់ ហើយក្នុងឆ្នាំ២០១២ លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានឥណទាន។ នៅឆ្នាំ២០២១ លោកត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម នៃធនាគារ ខេប៊ីប្រាសាក់ ម.ក។

ដោយទទួលស្គាល់នូវភាពជាអ្នកដឹកនាំ និងការចូលរួមចំណែកជាសារវន្តរបស់លោកចំពោះការរីកចម្រើន និងអភិវឌ្ឍស្ថាប័ន លោក វណ្ណា ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៅដើមឆ្នាំ២០២៦។
ធនាគារ ខេប៊ីប្រាសាក់ ម.ក ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក រី វណ្ណា ធនាគារនឹងបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយនវានុវត្តន៍ បង្កើតគុណតម្លៃរយៈពេលវែងសម្រាប់ភាគីពាក់ព័ន្ធ និងរួមចំណែកប្រកបដោយអត្ថន័យដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕