ដំណឹងល្អ! Spotify ទម្លាក់លក្ខខណ្ឌរកប្រាក់ឱ្យងាយជាងមុន ៥ដង និងបើកស្ទូឌីយោខ្នាតយក្សជួយអ្នកបង្កើតមាតិកា

09-01-2026 09:35

(បរទេស)៖ ក្រុមហ៊ុន Spotify កំពុងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រធំ ដោយសម្រេចទម្លាក់លក្ខខណ្ឌចូលរួមកម្មវិធីរកប្រាក់ (Monetization) ឱ្យនៅទាបជាងមុនឆ្ងាយ ដើម្បីទាក់ទាញអ្នកផលិតវីដេអូ Podcast ឱ្យកាន់តែច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។

បច្ចុប្បន្ន អ្នកបង្កើតមាតិកាត្រូវការចំនួនអ្នកទស្សនា (Engaged audience) ត្រឹមតែ ១,០០០ នាក់ និងម៉ោងទស្សនា ២,០០០ ម៉ោងប៉ុណ្ណោះក្នុងរយៈពេល ៣០ ថ្ងៃ ដើម្បីអាចចាប់ផ្ដើមរកចំណូលបាន។ លក្ខខណ្ឌថ្មីនេះ គឺងាយស្រួលជាងមុនដល់ទៅ ៥ ដង បើធៀបនឹងតម្រូវការចាស់ដែលតម្រូវឱ្យមានម៉ោងទស្សនា ឬម៉ោងស្ដាប់រហូតដល់ ១០,០០០ ម៉ោង។ លោក Roman Wasenmuller ប្រធានផ្នែក Podcast ពិភពលោករបស់ Spotify បានបញ្ជាក់ថា៖ «ចាប់តាំងពីយើងដាក់ឱ្យដំណើរការកម្មវិធីនេះមក ការប្រើប្រាស់ Video Podcast ប្រចាំខែនៅលើ Spotify បានកើនឡើងជិតទ្វេដង»

ក្រៅពីការផ្ដល់ប្រាក់ចំណូលតាមរយៈការផ្សាយពាណិជ្ជកម្ម និងចំណូលបន្ថែមពីការទស្សនារបស់អ្នកប្រើប្រាស់គណនី Premium ហើយនោះ Spotify ក៏បានប្រកាសបើកស្ទូឌីយោថ្មីដែលមានឈ្មោះថា «Spotify Sycamore Studios» នៅទីក្រុង Los Angeles ផងដែរ។ លោក Jordan Newman ប្រធានផ្នែក Content Partnerships បានប្រាប់ភ្នាក់ងារ Reuters ថា ការបង្កើតទីតាំងនេះ រួមជាមួយទីតាំងដែលមានស្រាប់នៅ London និង New York គឺធ្វើឡើងដើម្បី «ជួយអ្នកបង្កើតមាតិកាជៀសផុតពីការចំណាយលើការជួលទីតាំងផលិត» ដែលជាការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់អ្នកអាជីព។

ជាការកត់សម្គាល់ Spotify ក៏នឹងដាក់ឱ្យប្រើប្រាស់ឧបករណ៍ Sponsorship Management ថ្មីនៅខែមេសាខាងមុខ ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកាអាចគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងបង្ហោះវីដេអូបានកាន់តែងាយស្រួលពីវេទិកាខាងក្រៅ (Third-party platforms)។ តាមរយៈការវិនិយោគលើសពី ១០ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា Spotify កំពុងត្រៀមខ្លួនយ៉ាងពេញទំហឹង ដើម្បីដណ្ដើមទីផ្សារវីដេអូពីគូប្រជែងខ្លាំងៗដូចជា YouTube និង Netflix ផងដែរ៕