គីឡូ World Cup ធំៗ ៤ក្រុម នឹងធ្វើការហ្វឹកហាត់នៅទឹកដីម្ចាស់ផ្ទះពីខែមីនា

09-01-2026 10:11

(បរទេស)៖ ក្រុមគីឡូធ្ងន់នៅព្រឹត្តិការណ៍ FIFA World Cup ធំៗ ៤ក្រុមមានជម្រើសជាតិប្រេស៊ីល បារាំង ក្រូអាស៊ី និងកូឡុំប៊ី ត្រូវបានបង្ហាញថា នឹងចេញទៅហ្វឹកហាត់ត្រៀមប្រជែង FIFA World Cup 2026 រដូវក្ដៅនេះនៅអាមេរិកខាងជើង ដោយនឹងលេងមិត្តភាពក្នុងខែមីនានោះ។

ការប្រកាសនៅថ្ងៃព្រហស្បតិ៍ សម្រាប់ក្រុមទាំង ៤ក្រុមខាងលើនឹងត្រូវលេងនៅទីក្រុង Boston, Orlando, Florida និងតំបន់ Washington, D.C. ក្នុងអំឡុងពេលទីផ្សារអន្តរជាតិរបស់ FIFA។

ជាមួយគ្នានោះ ស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោក FIFA បច្ចុប្បន្ន ក្រុមបារាំង ស្ថិតនៅលេខ៣ ប្រេស៊ីលស្ថិតនៅលេខ៥ ក្រូអាស៊ីស្ថិតនៅលេខ១០ និងកូឡុំប៊ីស្ថិតនៅលេខ១៣ ដែលឈរនៅពីមុខសហរដ្ឋអាមេរិក ជាម្ចាស់ផ្ទះ គឺឈរលេខ១៤ ។

សូមជម្រាបផងថា ក្រុមជើងឯក World Cup ៥សម័យកាល ប្រេស៊ីល ដែលមានខ្សែប្រយុទ្ធ Vinicius Jr នឹងប្រឈមមុខជាមួយ Kylina Mbappe របស់បារាំង ដែលជាម្ចាស់ពាននេះ ២សម័យ នៅថ្ងៃទី២៧ មុនពេលបារាំង ត្រូវប៉ះកូឡុំប៊ី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។

ខណៈក្រូអាត ដែលជាក្រុមស្រេកឃ្លានពាន នាមជាក្រុមរងជើងឯក World Cup ២០១៨ និងឈរលេខ៣ ឆ្នាំ២០២២ ក៏ត្រូវលេងជាមួយកូឡុំប៊ី នៅថ្ងៃទី២៧ មុនបន្តជួបប្រេស៊ីល ថ្ងៃទី៣១ ចុងខែមីនានោះ ។

សូមជម្រាបផងថា ព្រឹត្តិការណ៍ World Cup 2026 ដែលបានបង្កើនដល់ ៤៨ក្រុម នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងចំនួន១៦ នៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ៕