Real អាចសងសឹក Barce ដណ្តើមពាន Super Cup បានទេរដូវកាលនេះ
09-01-2026 10:12
(អេស្ប៉ាញ)៖ ការប្រកួទដណ្តើមពានរង្វាន់ក្របខ័ណលីគអេស្ប៉ាញ Spanish Super Cup 2026 ពេលក្រុមអធិរាជស Real Madrid បានឡើងទៅប្រជែងសងសឹកជាមួយក្រុម FC Barcelona ជាថ្មីទៀត ក្រោយពីយកឈ្នះក្រុម Atletico Madrid ២-១ ពីវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៅទឹកដីអារ៉ាប៊ីសាអូឌីត ។
ស្ថិតក្នុងការប្រកួតក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ ៥៥,៦៥១នាក់ កីឡាករ Federico Valverde បានបង្ហាញការស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យមួយគ្រាប់ បង្កើនការនាំមុខយ៉ាងក្តៅគគុក ជាមួយមិត្តរួមក្រុម Rodrygo ស៊ុតបន្ថែមនៅនាទី៥៥ មុនពេលក្រុម Atletico Madrid តាមបានមួយគ្រាប់ដោយ Sorloth នៅនាទី៥៨ ។
តាមរយៈលទ្ធផលនេះ ក៏ក្លាយជាការប្រកួត Clasico នៃវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Spanish Super Cup 2026 រវាងក្រុមជើងឯក និងរងជើងឯករដូវកាល២០២៥ ដែលពេលនោះក្រុម Barcelona យកឈ្នះ Real លទ្ធផលយ៉ាងចាស់ដៃ ៥-២ ក្នុងកីឡដ្ឋាន King Abdullah Sports City ។
សូមបញ្ជាក់ផងថា ពានរង្វាន់ Spanish Super Cup និងបន្តលេងនៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានការណព្រមព្រៀងលើកិច្ចសន្យាជាមួយសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានបន្តកិច្ចព្រមព្រៀងនេះរហូតដល់ឆ្នាំ២០២៩ ខណៈវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជើងឯកច្រើនជាងគេ ១៥សម័យកាល Barca ជាមួយក្រុមឈ្នះពាននេះ ១៣ដង Real នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមករានេះ នាវេលាម៉ោង២:០០នាទីយប់ (ម៉ោងនៅកម្ពុជា) ៕





