Alphabet (Google) វ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតទី២ ក្នុងលោក
09-01-2026 10:16
(បរទេស)៖ ថ្មីៗនេះ មានបម្រែបម្រួលដ៏ធំមួយបានកើតឡើងនៅក្នុងទីផ្សារភាគហ៊ុនសកល ដោយក្រុមហ៊ុន Alphabet Inc. (ក្រុមហ៊ុនមេរបស់ Google) បានវ៉ាដាច់ក្រុមហ៊ុន Apple Inc. នៅក្នុងតម្លៃទីផ្សារ (Market Cap) ជាផ្លូវការ។ នេះគឺជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ ២០១៩ ដែល Alphabet បានដណ្តើមយកតំណែងជាក្រុមហ៊ុនសាធារណៈដែលមានតម្លៃបំផុតទី២ លើពិភពលោកមកវិញ។
តួលេខនៃតម្លៃទីផ្សារបច្ចុប្បន្ន លំដាប់ទី១ គឺ Nvidia ដែលមានតម្លៃរហូតដល់ ៤.៦ ទ្រីលីនដុល្លារ ទី២ គឺ Alphabet មានតម្លៃ ៣.៨៩ ទ្រីលីនដុល្លារ និងទី៣ គឺ Apple មានតម្លៃ ៣.៨៥ ទ្រីលីនដុល្លារ។
ខណៈពេលដែល Apple កំពុងជួបបញ្ហាជាមួយនឹងការធ្លាក់ចុះនៃការលក់ឧបករណ៍ Hardware និងការពន្យារពេលក្នុងការបញ្ចេញបច្ចេកវិទ្យា AI (ជាពិសេស Siri ជំនាន់ថ្មី) Alphabet បានសម្រុកទៅមុខយ៉ាងលឿនក្នុងនាមជាក្រុមហ៊ុន "AI-first" ក្នុងនោះកត្តាជំរុញសំខាន់ៗ ដែលជំរុញឲ្យ Alphabet យកឈ្នះ Apple បានមានដូចជា Gemini 3: ម៉ូឌែល AI ចុងក្រោយបង្អស់របស់ Alphabet ដែលបញ្ចេញកាលពីខែធ្នូ ឆ្នាំ២០២៥ ទទួលបានការគាំទ្រយ៉ាងខ្លាំង និងកំពុងដណ្តើមចំណែកទីផ្សារពី ChatGPT។ Ironwood (TPU v7): បន្ទះឈីប AI ជំនាន់ទី៧ របស់ខ្លួន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដំណើរការម៉ូឌែលស្មុគស្មាញដោយចំណាយថាមពលទាបជាងគូប្រជែង និងចុងក្រោយគឺ Google Cloud: ផ្នែកសេវាកម្ម Cloud សម្រេចបានកំណើនជាង ៣០% នៅចុងឆ្នាំ២០២៥ ជាមួយនឹងកិច្ចសន្យាសហគ្រាសធំៗដែលមានតម្លៃសរុបជាង ១៥០ ប៊ីលីនដុល្លារ។
ក្រុមអ្នកវិភាគបានលើកឡើងថា នេះគឺជាការផ្លាស់ប្តូរយុគសម័យពី «អ៊ីនធឺណិតលើទូរស័ព្ទដៃ» (Mobile Internet Era) ដែលកំណត់ដោយការលក់ឧបករណ៍ មកកាន់ «យុគសម័យ AI» (AI-Native Era) ដែលកំណត់ដោយកម្លាំងកុំព្យូទ័រ និងតក្កវិជ្ជានៃម៉ូឌែលបញ្ញាសិប្បនិម្មិត។ ក្នុងឆ្នាំកន្លងទៅ ភាគហ៊ុនរបស់ Alphabet បានហក់ឡើងខ្ពស់ជាង ៦៥% ដែលនេះជាសញ្ញាបង្ហាញពីឋានានុក្រមថ្មីនៅក្នុងតំបន់ Silicon Valley៕





